ក្រសួង​សាធារណការ​បង្ហាញ​ពី​គម្រោង​សាងសង់​ធំៗ​ក្នុង​ឆ្នាំ​២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៨​នេះ ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន បានបង្ហាញ​គម្រោង​សាងសង់​ផ្លូវ និង​ស្ពាន​ជាច្រើន​កន្លែង នៅតាម​បណ្តា​រាជធានី​-​ខេត្ត ដើម្បី​សម្រួល​ចរាចរណ៍ ដល់​ប្រជាពលរដ្ឋ ឲ្យ​កាន់​តែមាន​ភាពងាយស្រួល​។​

​ថ្លែង​នៅក្នុង​កម្មវិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​អនុវត្ត​ការងារ ឆ្នាំ​២០១៨ នៅ​ថ្ងៃទី​១៥៦ ខែមករា ឆ្នាំ​២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ បានអោយដឹងថា​ទិសដៅ​អនុវត្ត​បន្ត របស់​ក្រសួង​សាធារណការ នៅ​ឆ្នាំ​២០១៨​នេះ មាន​គម្រោង​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​-​ព្រះសីហនុ ភ្នំពេញ​-​បាវិត ។ គម្រោង​សាងសង់​ស្ពាន​មាន ស្ពាន​ឆ្លងទន្លេ​មេគង្គ (​ក្រូចឆ្មារ​-​ស្ទឹងត្រង់​) និង​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១១ កំណាត់​ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៧ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២​ទន្ទឹមគ្នា​នោះ ក្រសួង​ក៏មាន​គម្រោង​ដាក់​សម្ពោធ ឲ្យ​ប្រើប្រាស់​ផ្លូវ​មួយចំនួន មាន​៖ កំណាត់​ផ្លូវជាតិ​លេខ​១ កំណាត់​ផ្លូវជាតិ​លេខ​៥ កំណាត់​ផ្លូវជាតិ​លេខ​៦ ផ្លូវ​ខេត្ត​លេខ​១៥៧៧ ផ្លូវជាតិ​លេខ​៥៥ និង​គម្រោង​ស្តារឡើងវិញ ផ្លូវជាតិ​លេខ​២១​។​

គម្រោង​អភិវឌ្ឍន៍​ក្រោម​ហិរញ្ញប្បទាន សហប្រតិបត្តិការ ជាមួយ​ធនាគារពិភពលោក (WB) រួមមាន ៖ គម្រោង​ថែទាំ និង​ជុស​ជុល​ផ្លូវ ជាតិ​លេខ​៧ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ។​

​គម្រោង​អភិវឌ្ឍន៍​ក្រោម​ហិរញ្ញប្បទាន សហប្រតិបត្តិការ ជាមួយ ធនាគារ​អភិ​វ​ឌ្ឈ​ន៍​អាស៊ី​(ADB) រួមមាន​៖ គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ក្រុង​របៀង​ខាងត្បូង (​ប៉ោយប៉ែត បាត់ដំបង បាវិត និង​ទីប្រជុំជន​អ្នក​លឿង​) គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង​ទី​២ ដោយ​ផ្តោតលើ​ការអភិវឌ្ឍ​តំបន់ឆ្នេរ មាន​៖ ក្រុង​កំពត ក្រុងព្រះសីហនុ និង​កែលំអ​បរិ​សា្ថ​ន ជុំវិញ​បឹង​ទន្លេសាប មាន​ក្រុង​កំពង់ឆ្នាំង និង​ក្រុង​ពោធិ៍សាត់​។​

សម្រាប់​គម្រោង​អភិវឌ្ឍន៍​ក្រោម​ហិរញ្ញប្បទាន សហប្រតិបត្តិការ ជាមួយ​ប្រទេស​ថៃ រួមមាន​៖ សាងសង់​អាគារ​ច្រកទ្វារព្រំដែន អន្តរជាតិ និង​ផ្លូវ​ត​ភ្ជាប់ (​អាគារ​ប៉ុស្តិ៍​ព្រំដែន មក​ភ្ជាប់​និង​ផ្លូវជាតិ​លេខ​៥)​។​ក្រសួង​នឹង​បន្ត​ជម្រុញ​ស្តារ​សាងសង់ និង​ជុស​ជុល​ថ្នល់ ឲ្យ​មាន​គុណភាព​ខ្ពស់ និង​ការទទួលខុសត្រូវ ជូន​ប្រជាពលរដ្ឋ ។​

រដ្ឋមន្ត្រីក្រសួង​សារ​ធាណ​ការ និង​ដឹក ជញ្ជូន ក៏បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ឆ្នាំ​២០១៧ ក្រសួង​បានធ្វើការ​ត្រួតពិនិត្យ យានយន្ត​កែច្នៃ ខុស​លក្ខ​ខណៈ​បច្ចេកទេស បាន​ចំនួន​ជាង​២​ម៉ឺន​គ្រឿង ក្នុងនោះ​កាត់​ទ្រុង បាន​ចំនួន​១២១៥​គ្រឿង ។​

​ដោយឡែក​ការងារ​ដឹកជញ្ជូន​តាម​ផ្លូវដែក​ឯណោះ​វិញ ក្រសួង​បាននិងកំពុង​សាងសង់​ផ្លូវដែក​ត​ភ្ជាប់​ត​ចូល​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បន្ត​ស្តារ​ផ្លូវដែក​ពី​ពោធិ៍សាត់ បាត់ដំបង ប៉ោយប៉ែត ប្រវែង​២១៩​គម ជាពិសេស​ទៅទៀត​នោះ​ក្រសួង​ក៏​កំពុង​សិក្សា​លទ្ធភាព​សាងសង់​ផ្លូវ​រថភ្លើង​ស្វ័យប្រវត្តិ​លើ​អាកាស​(​អេ​ជី​ធី​)​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​៕