ប្រទេស ហ្វីលីពីន បានបន្ថែមទំហំតំបន់ដែលត្រូវជម្លៀសប្រជាជន ក្រោយពីភ្នំភ្លើង ម៉ាយ៉ុន ផ្ទុះកាន់តែខ្លាំង ដោយបញ្ចេញកំអែរពណ៌ក្រហម ធ្លាក់ចុះមកតំបន់ជើងភ្នំ បង្កការព្រួយបារម្ភចំពោះគ្រោះថ្នាក់ ដែលអាចកើតឡើងដូចដែលភ្នំភ្លើងនេះ បានសម្លាប់មនុស្សជាងមួយពាន់នាក់ ក្នុងឆ្នាំ 1841 ។
វីដេអូបង្ហាញឲ្យឃើញកំអែរភ្នំភ្លើងធ្លាក់ចុះយ៉ាងលឿនពីមាត់ភ្នំភ្លើង តាមជំរាលភ្នំជាច្រើនកន្លែង រួមជាមួយនឹងផេះ ព្រមទាំងផ្សែងខ្មួលខ្មាញ់ទៅលើអាកាស បង្ខំឲ្យប្រធានភ្នាក់ងារតាមដានស្ថានភាពភ្នំភ្លើង ចេញការព្រមានកម្រិតខ្ពស់ ។ រហូតមកដល់ពេលនេះ ប្រជាជនជាងមួយម៉ឺនពីរពាន់នាក់ ត្រូវបានជន្លៀសចេញពីតំបន់ជុំវិញភ្នំភ្លើងច្រើនគីឡូម៉ែត្រ ។
សូមបញ្ចាក់ថា ភ្នំភ្លើង ម៉ាយ៉ុន ស្ថិតនៅក្នុងខេត្តភាគកណ្ដាលប្រទេស ហ្វីលីពីន ធ្លាប់ផ្ទុះខ្លាំងបំផុតក្នុងឆ្នាំ 1841 ហើយកំអែរភ្នំភ្លើងបានហូរធ្លាក់ចូលទៅក្នុងទីប្រជុំជនមួយនៅក្បែរនោះ សម្លាប់មនុស្ស 1200 នាក់ ។ ក្រោយមក ភ្នំភ្លើងនេះ ធ្លាប់ផ្ទុះក្នុងឆ្នាំ 2014 បង្ខំឲ្យប្រជាជនរាប់ពាន់នាក់ភៀសខ្លួនចោលស្រុកភូមិ ៕