អគ្គីភ័យបានបំផ្លាញសំណង់សម័យអាណានិគម ហុល្លង់ ដែលសាងសង់ក្នុងសតវត្សទី 17 នៅភាគខាងជើងទីក្រុង Jakarta ប្រទេស ឥណ្ឌូនេស៊ី ក្នុងនោះមានសារមន្ទីរមួយកន្លែង ក្នុងសង្កាត់ភាគខាងជើងទីក្រុង ។
សារព័ត៌មានក្នុងស្រុកផ្សាយឲ្យឃើញសកម្មភាពរបស់ភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់ភ្លើងដែលកំពុងឆាបឆេះសន្ធោរសន្ធៅ ក្នុងនោះមានអគាររៀងត្រីកោណ ដោយភាគច្រើននៃសំណង់ទាំងនោះត្រូវបានបំផ្លាញ ប៉ុន្តែនៅមិនទាន់មានសេចក្ដីរាយការណ៍អំពីមនុស្សរងគ្រោះនៅឡើយ ចំណែកមូលហេតុដែលបណ្ដាលឲ្យភ្លើងឆេះ ស្ថិតក្រោមការស៊ើបអង្កេត ។
អគារសម័យសតវត្សទី 17 ត្រូវបានប្រើប្រាស់ជាសារមន្ទីរ ក្រោយពីប្រទេស ឥណ្ឌូនេស៊ី ទទួលបានឯករាជ្យពីប្រទេស ហុល្លង់ ក្នុងឆ្នាំ 1976 ជាកន្លែងដាក់តាំងវត្ថុផ្សេងៗពាក់ព័ន្ធនឹងការធ្វើនាវាចរណ៍ ព្រមទាំងបំណែកនាវាបែកបាក់ ព្រមទាំងរបស់របរផ្សេងៗ ទាក់ទងនឹងផ្លូវទឹក បង្ហាញអំពីធាតុពិតនៃប្រទេសមួយដែលកើតឡើងដោយសារកម្រងកោះជាង 17000 ហើយពីរភាគបីនៃផ្ទៃដី គឺជាដែនទឹក ។ ការិយាល័យកេរដំណែល ឥណ្ឌូនេស៊ី នៅមិនទាន់អាចបញ្ជាក់អំពីទំហំនៃការខូចខាតនៅឡើយ ៕