ជនជាតិ​ចិន​ជិត​២០​នាក់ផឹកស៊ី​ស្រវឹង​បើកឆាក​ប្រយុទ្ធ​គ្នាយ៉ាង​សាហាវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2018 ក+ ក-

​ព្រះសីហនុ​៖ ជន​ជាតិចិន​មួយក្រុម សរុប​មាន​គ្នា​ជិត ២០​នាក់ បាន​បើកឆាក​ប្រ​យុ​ទ្ឋ​វាយតប់​គ្នា កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​១៥ ខែមករា ឆ្នាំ​២០១៨​។
​ប្រជាពលរដ្ឋ ឲ្យ​ដឹងថា ឆាកប្រយុទ្ធ​នេះ បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ពិសេស​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែល​ចូលមក​ទស្សនា​ខេត្ត​ព្រះសីហនុ ស្ទើរ​ពេញ​ក្រុងព្រះសីហនុ​។​

​ភ្លាមៗ​នោះ កំលាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរ​វាល​ខេត្ត​ព្រះសីហនុ ដោយមាន​កិច្ចសហការ ពី​កំលាំង​អធិការនគរបាល​ក្រុង កាលពី​យប់​ថ្ងៃទី​១៥ ខែមករា បាន​ចុះ​ឃាត់ខ្លួន​ជនជាតិ​ចិន​ជិត ២០​នាក់ ដែល​បង្កចលាចល បើកឆាក​ប្រយុទ្ធ​រវាង​ចិន​គ្នាឯង​។​

​ក្រោយពេល​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច បាន​បញ្ជូន​ជនជាតិ​ចិន​ទាំងនោះ ចេញពី​ផ្ទះជួល​មួយកន្លែង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​សាកសួរ បន្ទាប់ពី​ពួកគេ​បាន​បើកឆាក​ប្រ​យុ​ទ្ឋ​គ្នា បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ រស់នៅ​ជុំវិញ​ទីតាំង​បង្កហេតុ​។​

យោងតាម​ប្រភពពី​សន្តិសុខ​ឯកជន MPA ដែល​យាម​ប្រចាំការ​នៅផ្ទះ​ជួល ដែល​ជន​ជាតិចិន​បង្កហេតុ បានអោយដឹងថា ជម្លោះ​វាយតប់​គ្នា រវាង​ជនជាតិ​ចិន​គ្នាឯង​នេះ តាមពិតទៅ​ដើមហេតុ មិនមាន​រឿង​អ្វី​ធំដុំ​នោះទេ គឺ​កើតឡើង ដោយសារ​ការ​ប៉ាវ​ផឹកស្រា និង វាយ​ក្បាល​គ្នា​លេង​កម្សាន្ត ក្នុង​វង់​ផឹកស៊ី ប៉ុន្តែ​ក្រោយមក​ដោយសារ​ជនជាតិ​ចិន​ម្នាក់ៗ មាន​អាកា​រៈ​ស្រវឹង​ជោគ​តែ​ស្រវឹង​រៀងៗ​ខ្លួន​នោះ ទើប​កើត​ទៅជា​រឿង​ចោទប្រកាន់​គ្នា ក្លាយជា​ជម្លោះ​វាយតប់​គ្នា​តែម្តង​។​

​សមត្ថកិច្ច អោយដឹងទៀតថា ការស្រែក​ឡូឡា របស់​ជនជាតិ​ចិន នាំអោយ​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ​ស្មានថា ជន​ជាតិចិន​ទាំងនោះ ឈ្លោះ​គ្នា​ក៏​មានការ​ឆោឡោឡើង បង្កអោយមាន​ការ​ភ្ញា​ល់​ផ្អើល​តៗ​គ្នា និង​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ខុស​ការពិត​ទៅវិញ​។​

​ទោះ​សមត្ថកិច្ច​នគរបាល នៃ​ស្នងការ​នគរបាល បាន​កែសម្រួល ជួយ​សម្រួល​បទល្មើស​វា​យ​ប្រយុទ្ធ​គ្នា ដល់​ជនជាតិ​ចិន បែបនេះ​ក្តី ក៏ប៉ុន្តែ​ប្រភព​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​ទីតាំង​ជនជាតិ​ចិន ជួល​ស្នាក់នៅៗ​តែ អះអាងថា ជន​ជាតិចិន​មួយក្រុម​នោះ ពិតជា​បាន​ឈ្លោះប្រកែក​គ្នា និង​មាន​បើកឆាក​ប្រយុទ្ធ​គ្នា​កើតឡើង​ពិតប្រាកដ​មែន​។​

​ត្រង់ចំណុច​នេះ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​ព្រះសីហនុ បាន​សំណូមពរ ដល់​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ស្នើអោយ​បញ្ឈប់​លាក់បាំង បទល្មើស​ផ្សេងៗ ដែល​កើតមាន​នា​ខេត្ត​ព្រះសីហនុ​តទៅទៀត និង​ជៀសអោយផុត​ពី​អំពើពុករលួយ ដែល​អាច​ទទួលបាន​ផលប្រយោជន៍​ពី​ជនជាតិ​ចិន ក្នុង​សកម្មភាព​លាក់បាំង​បទល្មើស​ផ្សេងៗ ដែល​បង្កដោយ​ជនជាតិ​ចិន​តទៅទៀត​នា​ថ្ងៃ​ខាងមុខ​៕