ភ្នំពេញ ៖ ចំណូលពីការដឹកជញ្ជូនទំនិញតាមកំពង់ផែស្វ័តភ្នំពេញ និង ក្រុងព្រះសីហនុ ក្នុងឆ្នាំ២០១៧មានការកើនឡើង ខណៈដែលក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបង្កើនសមត្ថភាពកំពង់ផែទាំងពីរនេះបន្ថែមទៀត ក្នុងឆ្នាំ២០១៨ នេះ។
ចំណូលនៃការដឹកជញ្ជូនរបស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០១៧ មានការកើនឡើង១៤% ដែលទទួលថវិកាចំណូលសរុបបានជាង ៧៥ពាន់ ១១០លានរៀល ស្មើនឹងជាង ១៨លាន៥សែនដុល្លារអាមេរិក ខណៈដែល ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឆ្នាំ២០១៧ កើនឡើង១៦,៨% ដែលទទួលបានថវិកាចំណូលសរុបជាង ៥២លាន ១សែន (៣៥៧៣០) ដុល្លារអាមេរិក។
នេះបើយោងតាមរបាយការណ៍បូកសរុបថវិកាចំណូលប្រចាំឆ្នាំ២០១៧ នៃកំពង់ផែស្វយ័តទាំងពីរនេះ ធៀបនឹងឆ្នាំ២០១៦ ។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ បានថ្លែងថា កំពង់ផែស្វយ័តភ្នំពេញ មានទំនិញឆ្លងកាត់ប្រមាណ ២លាន៧សែន៥៧៦៦១តោន គឺកើនឡើង ១៤% ធៀបនឹងឆ្នាំ២០១៦។ ចំណែក នាវាឆ្លងកាត់សរុបមាន ១៦៧២គ្រឿង ថយចុះ ១,១៨%! អ្នកដំណើរបរទេស និងទេសចរណ៍ឆ្លងកាត់ មាន ២៦៧១៥នាក់ កើនឡើង៦%! កុងតឺន័រឆ្លងកាត់ មានចំនួន ១៨ម៉ឺន៤៨៩៥ ទូ (TEUs) កើនឡើង ២២%! ។ ចំណែកកំពង់ផែស្វយ័តព្រះសីហនុ លោកទេសរដ្ឋមន្ត្រី បានឲ្យដឹង ថាមានទំនិញឆ្លងកាត់សរុប ៤លាន ៣សែន៥ពាន់តោន គឺកើនឡើង ៦,៥៥%ធៀបឆ្នាំ២០១៦។ ចំណែកនាវាឆ្លងកាត់ សរុបមាន ១៣០០គ្រឿង ថយចុះ ១,៦៦%! កុងតឺន័រឆ្លងកាត់ ៤សែន៥ម៉ឺន៤៥៩២ ទូ (TEUs) កើនឡើង ១៤%។ ជាមួយគ្នានេះលោក ស៊ុន ចាន់ថុល បានបង្ហាញថា សម្រាប់ឆ្នាំ២០១៨ ក្រសួងនឹងដាក់ទិសដៅ សម្រាប់កំពង់ផែស្វយ័តភ្នំពេញ ដោយបន្តពង្រីកការផ្តល់សេវា ដល់អ្នកប្រើប្រាស់កំពង់ផែ តាមរយៈការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធចំណត់ផែរណប និងបង្កើតសេវាកម្មលើកដាក់នៅតាមដងទន្លេ ដើម្បីជំរុញឲ្យមានការប្រើប្រាស់ ការដឹកជញ្ជូនផ្លូវទឹកឲ្យកាន់មានភាពមមាញឹក។ ទន្ទឹមនេះ ក្រសួងនឹងបញ្ចប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រ LM 17 ជំហ៊ានទី២ ដើម្បីពង្រីកសមត្ថភាពផែបន្ថែមទៀត ។
ដោយឡែក ក្នុងឆ្នាំនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងបង្កើនទំនិញឆ្លងកាត់ ឲ្យច្រើនជាងឆ្នាំ២០១៧ តាមរយៈការជំរុញឲ្យមានការវិនិយោគកាន់តែច្រើនថែមទៀត នៅតំបន់សេដ្ឋកិច្ចពិសេស! និងស្វែងរកប្រភពថវិកាបន្ថែម សម្រាប់គម្រោងអភិវឌ្ឍន៍ចំណត់ផែកុងតឺន័រថ្មី និងបន្តសាងសង់ចំណតកំពង់ផែកុងតឺន័រ ប្រវែង ៣៥០ម៉ែត្រ ដែលមានជម្រៅទឹក ១៤,៥ម៉ែត្រ៕