នាយករដ្ឋមន្ត្រី​ខ្មែរ​ថ្លែងថា សេដ្ឋកិច្ច កម្ពុជា​រឹងមាំ​មិនមែន​ចេះតែ​អាចធ្វើ​ព្យុះភ្លៀង​បានទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2018 ក+ ក-

ភ្នំពេញ ៖ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​អះអាងថា សេដ្ឋកិច្ចកម្ពុជា​មាន​ជំហរ​រឹងមាំ ដោយ មិនមាន​នរណាម្នាក់​អាចធ្វើ​ព្យុះ ធ្វើ​ភ្លៀង​បាន​នោះទេ​។ នោះ​ដោយសារតែ​កម្ពុជា បាន ធ្វើ​សមាហរណកម្ម​យ៉ាង​មាំ​នៅក្នុង​ក្របខណ្ឌ​ពាណិជ្ជកម្ម​សេរី​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ពិសេស​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្ម​ការ​នី នៅ​តំបន់​ព្រៃទា ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ព​ញ​រឹក​ថ្ងៃទី​១៧ មករា ឆ្នាំ​២០១៨​។ នាឱកាស​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អះអាងថា សេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែមាន​ភាពរឹងមាំ ដោយ​មិនមែន អ្នកណា​ចេះតែ​អាចមក​ធ្វើ​ព្យុះភ្លៀង​បាន​នោះទេ​។ សម្តេច​បាន​ពន្យល់ថា ដោយសារ​កម្ពុជា​កំពុង​អនុវត្ត​នូវ​បន្ទាត់នយោបាយ​ការបទេស​ដ៍​ច្បាស់លាស់ មួយ​ជាមួយ​តំបន់ អនុតំបន់ និង​អន្តរជាតិ ក្នុង​ការធ្វើសមាហរណកម្ម​កាន់តែខ្លាំង​ក្នុង​ក្របខណ្ឌ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​នឹង​ប្រទេស និង​ជាមួយ​អង្គការ​អន្តរជាតិ តួរ​យ៉ាង​ដូចជា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផងដែរ​។ សម្តេច​បានបង្ហាញ​នូវ​មោ​ទ​ភាព​ចំពោះ​នយោបាយ​ការ​ទេស​របស់​កម្ពុជា តាមរយៈ​ការរៀបចំ​កិច្ចប្រជុំ​សំខាន់ៗ​ជាច្រើន​ក្នុង​កំរិត​តំបន់ និង​អន្តរជាតិ​នៅពេល​ថ្មីៗ​ដូចជា កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង​លើក​ទី​២ និង​ការទទួលបាន​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​នៃ​មហា​យក្ស​ចិន ឯ​.​ឧ លី ខឹ​ឈាង​ដែល​តំណាង​ដោយ​ប្រជាជន​ជាង​១៣០០​លាន​នាក់​។

​នៅ​សប្តាហ៍​ក្រោយ​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​វិនិយោគិន​សកល ដែល​នឹង​ប្រារព្ធ​ឡើង​នា​ថ្ងៃទី​៣-៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាងមុខ ក្នុង​រដ្ឋ​អាសា​ន់ ប្រទេស​ឥណ្ឌា​។ តាម​ការគ្រោងទុក​សម្តេច​តេ​ជោក៍​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ផងដែរ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​នោះ​។ សម្តេច​តេ​ជោ ចាត់ទុកថា​ដំណើរ​ទស្សនកិច្ច​នេះ សបញ្ជាក់​ឲ្យ​ឃើញ​ពី​សមាហរណកម្ម​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​កាន់​ខ្លាំងក្លា​ថែមទៀត​។

​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នោះ កម្ពុជា និង​ឥណ្ឌា នឹង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយគ្នា​នាពេលខាងមុខ ដោយ​គណៈប្រតិភូ​ក្រសួងទេសចរណ៍​កម្ពុជា​ផងដែរ​៕