ត្បូងឃ្មុំ ៖ ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម លើកដំបូងដែលមានឈ្មោះថា ផ្សារដា មានទីតាំងស្ថិតនៅក្នុងស្រុកមេមត់ ជាប់ព្រំដែនខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ក្រោមគណៈអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក វ៉ូ ហ្គុងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា។
ផ្សារគំរូព្រំដែនដំបូងគេមួយនេះ នឹងក្លាយជាកន្លែងដោះដូរទំនិញដ៏សំខាន់រវាងកម្ពុជា និងវៀតណាម ហើយវាក៏ជាចំណែកមួយអាចជួយអោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែរីកធំធាត់ឡើង ទៅតាមគោលដៅនៃប្រទេសទាំងពីរ ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ផ្សារគំរូព្រំដែននេះនឹងជួយបង្កើនទំហំពាណិជ្ជកម្មនៅតាមព្រំដែន និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា-វៀតណាមអោយកាន់តែប្រសើរជាងមុន ។ លើសពីនេះ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ជាពិសេសក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ព្រមទាំងភាគីពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលគម្រោងសាងសង់ផ្សារនេះ ដើម្បីទុកជានិម្មិតរូប និងជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
លោកបន្តថា ការបង្កើតផ្សារគំរូនេះ គឺជាការចាប់ផ្តើមទំព័រសករាជថ្មីមួយទៀត នៃការពង្រឹងកិច្ចសហការ និងសម្រួលពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល និងជិតប្រជាពលរដ្ឋ ជាពិសេសឈានទៅសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មចំនួន ៥ពាន់លានដុល្លារ តាមផែនការមេដែលបានគ្រោងទុកក្នុងពេលអនាគត។ឯកឧត្តម សង្ឃឹមថាផ្សារនេះ នឹងបម្រើអត្ថប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញរបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរួមចំណែកដោះស្រាយបញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែតែងរាំងស្ទះដល់ការធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅតាមព្រំដែនកម្ពុជា និងវៀតណាម។
លោកវ៉ូ ហ្គុងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ការសាង់សង់ផ្សារគំរូមួយនេះ នឹងនាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់ប្រជាជនកម្ពុជា និងវៀតណាម ហើយនឹងក្លាយជាគំរូនៃការអភិវឌ្ឍ និងការពង្រីកកិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរនៅថ្ងៃអនាគត ប្រកបដោយជោគជ័យ។
គួររំលឹកដែរថា គម្រោងសាងសង់ផ្សារនេះ ត្រូវបានអនុម័តលើកដំបូងកាលពីឆ្នាំ២០១៣ ហើយត្រូវបានបន្តអនុវត្តឡើងវិញនៅឆ្នាំ២០១៦ នៅលើផ្ទែដីទំហំ ១៩.៦២៨ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ថារីត្បូងឃ្មុំ ជាមួយទុនវិនិយោគសរុបចំនួន ប្រមាណជិត ២ លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម។
គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានការកើនឡើងគួរឲ្យកត់សម្គាល់។ តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា គិតត្រឹមរយ:ពេល១១ខែ នៃឆ្នាំ២០១៧ ប្រទេសទាំងពីរសម្រេចបានទំហំពាណិជ្ជកម្ម ៣.៤៣៨លានដុល្លារ ពោលគឺបានកើនឡើង ៣១,៥% បើធៀបនឹងឆ្នាំ២០១៦ ដែលមានចំនួនត្រឹមតែ ២.៩២៦លានដុល្លារ ប៉ុណ្ណោះ៕