អាមេរិក ៖ សហរដ្ឋអាមេរិក បង្កើនកម្លាំងជុំវិញឧបទ្វីបកូរ៉េ អំឡុងការប្រកួតអូឡាំពិចរដូវរងារក្នុងប្រទេស កូរ៉េខាងត្បូង ពីថ្ងៃទី 9 ដល់ 25 ខែកុម្ភៈ ដោយបញ្ជូននាវាផ្ទុកយន្តហោះ និង នាវាពិឃាតបន្ថែមទៀត ទៅកាន់ដែនទឹកឧបទ្វីបកូរ៉េ ។ សកម្មភាពនេះធ្វើឡើងស្របពេលដែលមន្ត្រីកូរ៉េទាំងពីរ ជួបគ្នាជាច្រើនលើក និង បន្ទាប់ពី សហរដ្ឋអាមេរិក ព្រមព្រៀងផ្អាកសមយុទ្ធយោធាជាមួយ កូរ៉េខាងត្បូង រហូតដល់បញ្ចប់កីឡាអូឡាំពិច ។
មន្ត្រី សហរដ្ឋអាមេរិក និយាយថា ទោះជាមន្ត្រីកូរ៉េទាំងពីរបានជួបគ្នា ប៉ុន្តែស្ថានភាពនៅតែតានតឹង ទាមទារឲ្យមានការប្រុងប្រយ័ត្ន ។ កងទ័ពអាកាស អាមេរិក ប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក បានបញ្ជូននាវា រួមជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែក B-2 “Spirit” និងយន្តហោះចម្បាំងជំនាន់ថ្មី F-35 ជាច្រើនគ្រឿង ទៅកាន់មូលដ្ឋានយោធាក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ អ្វីដែលថ្មីគឺមានការបន្ថែមយន្តហោះទម្លាក់គ្រាប់បែក នុយក្លេអ៊ែរ B-2 ដែលមានអនុភាពខ្លាំងជាង B-1B ព្រោះវាអាចនាំយកគ្រាប់បែកនុយក្លេអ៊ែរ អាចជ្រៀតចូលទៅក្នុងដី បំផ្លាញរូងក្រោមដី និងសំណង់ក្រោមដី ដែលគេជឿថា កូរ៉េខាងជើង បានសាងសង់ដើម្បីផលិតគ្រាប់បែកនុយក្លេអ៊ែរ ។
នាវាផ្ទុកយន្តហោះ USS Ronald Reagan ចេញពីមូលដ្ឋាន Yokosuka ប្រទេស ជប៉ុន បានទៅដល់ដែនទឹកក្បែរឧបទ្វីបកូរ៉េ មុនពេលនាវាផ្ទុកយន្តហោះ USS Carl Vinson ចេញដំណើរពីមូលដ្ឋានយោធារដ្ឋ វ៉ាស៊ីងតុន ។ ចំណែកនាវាប្រយុទ្ធ USS Wasp មានសមត្ថភាពប្រយុទ្ធ និងផ្ទុកយន្តហោះជំនាន់ក្រោយ F-35B បានទៅដល់ដែនទឹកភាគខាងត្បូងប្រទេស ជប៉ុន ជាមួយនឹងយន្តហោះ F-35 ច្រើនជាង 30 គ្រឿង ។ គណបក្សកាន់អំណាច កូរ៉េខាងជើង ចេញសេចក្ដីថ្លែងការណ៍ថា ទង្វើរបស់ សហរដ្ឋអាមេរិក មានបំណងញុះញ៉ង់ដល់កិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរដល់ទំនាក់ទំនងរវាងកូរ៉េទាំងពីរ ហើយជាការបង្កហេតុយោធាដែលមិនអាចអត់ឱនឲ្យបាន ៕