ថៃ ៖ ប្រទេសថៃ បានប្រកាសត្រៀមរួចជាស្រេចសម្រាប់វេទិការទេសចរអាស៊ាន 2018 ដែលនឹងធ្វើឡើងក្នុងខេត្ត ឈាងម៉ៃ ពីថ្ងៃទី 22 ដល់ 26 ខែ មករា នៅឯមជ្ឈមណ្ឌលតាំងពិពណ៌ និងសន្និសីទខេត្ត ឈាងម៉ៃ ក្រោមប្រធានបទ ការភ្ជាប់គ្នាជានិរន្តរ៍ និងវិបុលភាពគ្មានព្រំដែននៃអាស៊ាន ។
រហូតមកដល់ពេលនេះ ប្រទេស ថៃ ទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ពិធីនេះចំនួន 6 លើក ហើយនេះជាលើកដំបូង ដែលប្រទេស ថៃ ទទួលពិធីនេះក្នុងខេត្ត ឈាងម៉ៃ ។ ប្រទេស ថៃ មានគំរោងលើកកម្ពស់គោលដៅទេសចរទីពីរ បន្ទាប់ពីរាជធានី បាងកក និងបង្កើតការងារនៅតំបន់ជនបទ បង្កើនការចែកចាយចំណូលពីទេសចរណ៍ដល់តំបន់ផ្សេងៗ និងបង្ហាញពីការភ្ជាប់ទំនាក់ទំនងជិតស្និតរបស់ប្រទេស ថៃ ជាមួយបណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គ ។ សូមបញ្ជាក់ថា សមាជិក អាស៊ាន ទាំង 10 ប្រទេស ទទួលធ្វើជាម្ចាស់ផ្ទះឆ្លាស់វេនគ្នា សម្រាប់វេទិការទសេចរណ៍អាស៊ាន ។
ព្រឹត្តិការណ៍មួយសប្ដាហ៍នេះ នឹងផ្ដល់ឱកាសដល់ផ្នែកឯកជន និង សាធារណៈ ក្នុងនោះមានសេវាធ្វើដំណើរ និង ទេសចរណ៍ ដោយមានមន្ត្រីតំណាងប្រទេសទាំង 10 ជួបជុំគ្នាពិភាក្សាលើបញ្ហាជាច្រើនដែលអាស៊ានត្រូវប្រឈម ពិសេសវិស័យទេសចរណ៍ ។
រដ្ឋមន្ត្រីទេសចរណ៍ អាស៊ាន ទាំង 10 រូប នឹងជួប្រជុំជាមួយអង្គការទេសចរណ៍ក្នុងតំបន់ ព្រមទាំងក្រុមហ៊ុនឯកជន ដែលមានសណ្ឋាគារ ភោជនីយដ្ឋាន ភ្នាក់ងារផ្ដល់សេវាធ្វើដំណើរ ក្រុមហ៊ុនទេសចរ និងក្រុមហ៊ុនអាកាសចរណ៍ ។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីទេសចរអាស៊ាន នឹងជួបទ្វេភាគីជាមួយដៃគូរមកពីប្រទេស រុស្ស៊ី ចិន ជប៉ុន ឥណ្ឌា និង កូរ៉េខាងត្បូង៕