ប្រាក់ខែ​មន្ត្រីរាជការ នឹងត្រូវ​ដំឡើង​២​ដង ក្នុង​ឆ្នាំ​២០១៨​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋាភិបាល​កម្ពុជា បានចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ថ្មី​ចំនួន​ពីរ នា​ដើមឆ្នាំ​២០១៨ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ដែល​កំពុង​បំពេញការងារ​ក្នុង​វិ​ស្ថាប័នរដ្ឋ និង​ស័​យ​ឯកជន ក្នុងនោះ​រួមមាន ការដំឡើង​ប្រាក់បៀវត្ស​២​ដង​ក្នុង​១​ឆ្នាំ សម្រាប់​មន្ត្រីរាជការ​។ ការកំណត់​ដំឡើង​ប្រាក់​បៀ​វត​អ​ប្បរមា ដែល​លើសពី​១​លាន​២​សែន​រៀល​ទើប​ជាប់​កាតព្វកិច្ច​បង់ពន្ធ ។​

​ដូច​ទៅនឹង​ការប្រកាស​នាពេល​កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា បានចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ដំឡើង​ប្រាក់បៀវត្ស​ចំនួន​ពីរលើក ចាប់ពី​ដើមឆ្នាំ​២០១៨ តទៅ សម្រាប់​មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន នគរបាលជាតិ និង​យោធិន​។ លើក​ទី​១ ត្រូវធ្វើឡើង​នៅ​អំឡុង​ខែមករា និង​លើក​ទី​២ នៅ​អំឡុង​ខែមេសា មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ការដំឡើង​ប្រាក់បៀវត្ស នៅក្នុង​ឆ្នាំ​២០១៨​នេះ គឺ​ត្រូវបាន​ដំឡើង ក្នុង​អត្រាកំណើន​ជាង​១០% នៃ​មូលដ្ឋាន​ប្រាក់បៀវត្ស​ឆ្នាំ​ចាស់ និង​ជាការ​ដំឡើង​ប្រាក់ បំណាច់​មុខងារ​។

​យោងតាម​តារាង​ប្រាក់បៀវត្ស ទាប​បំផុត សម្រាប់​ឆ្នាំ​២០១៨​នេះ ត្រូវបាន​បែងចែក ដូចជា ៖ ១៖ ប្រាក់បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល ផ្នែក​រដ្ឋបាល ថ្នាក់ទាប​បំផុត ដែល មុន​ខែមករា ឆ្នាំ​២០១៨ មាន​ចំនួន​៨៥​ម៉ឺន​៣,៥០០​រៀល ត្រូវ​តម្លើង​ដល់​៩១​ម៉ឺន​៤.៤៥០​រៀល​ក្នុងដំណាក់កាល​ទី​១ និង​ឡើងដល់ ១​លាន​១៤,៤៥០​រៀល ក្នុងដំណាក់កាល​ទី​២​។ ២៖ ប្រាក់បៀវត្ស​គ្រូបង្រៀន កម្រិត​ទាប​បំផុត ដែល​មុន​ខែមករា ឆ្នាំ​២០១៨ មាន​ចំនួន​៩៥​ម៉ឺន​៣.៥០០​រៀល ត្រូវ​តម្លើង​ដល់ ១​លាន​១​ម៉ឺន​៤,៤៥០​រៀល ក្នុងដំណាក់កាល​ទី​១ និង​កើន​ឡើងដល់ ១​លាន​១​សែន​១​ម៉ឺន​៤.៤៥០​រៀល ក្នុងដំណាក់កាល​ទី​២ ។ ៣៖ ប្រាក់បៀវត្ស​គ្រូពេទ្យ កម្រិត​ទាប​បំផុត ដែល​មុន​ខែមករា ឆ្នាំ​២០១៨ មាន​ចំនួន​៩៥​ម៉ឺន​៣,.៥០០​រៀល ត្រូវ​តម្លើង​ដល់ ១​លាន​១​ម៉ឺន​៤.៤៥០​រៀល ក្នុងដំណាក់កាល​ទី​១ និង​កើន​ដល់ ១​លាន​១​សែន​១៤.៤៥០​រៀល ក្នុងដំណាក់កាល​ទី​២ ។ ៤៖ ប្រាក់បៀវត្ស​នគរបាលជាតិ ថ្នាក់ទាប​បំផុត ដែល​មុន​ខែមករា ឆ្នាំ​២០១៨ មាន​ចំនួន​៩៣​ម៉ឺន​៧.៩៧៨​រៀល ត្រូវ​តម្លើង​ដល់ ៩៩​ម៉ឺន​៨៩២៨​រៀល​ក្នុងដំណាក់កាល​ទី​១ និង​កើន​ដល់​១​លាន​៩​ម៉ឺន​៨.៩២៨​រៀល ក្នុងដំណាក់កាល​ទី​២​។ ៥៖ ប្រាក់បៀវត្ស​យោធិន (​កងទ័ព​) ថ្នាក់ទាប​បំផុត ដែល​មុន​ខែមករា ឆ្នាំ​២០១៨ មាន​ចំនួន​៨៨​ម៉ឺន​៩៧៨​រៀល ត្រូវ​តម្លើង​ដល់ ៩៣​ម៉ឺន​៥.០២៨​រៀល ក្នុងដំណាក់កាល​ទី​១ និង​កើន​ដល់​១​លាន​៣​ម៉ឺន​៥០២៨​រៀល ។ បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួង​មុខងារសាធារណៈ បាន​បង្ហាញថា សម្រាប់​ការដំឡើង​ប្រាក់​ប្រៀ​វត្ស​អប្បបរមា​របស់​យោធិន និង មន្ត្រី​នគរបាលជាតិ គឺ​គិត​បញ្ចូល​ទាំង ប្រាក់​ហូប​ប្រចាំថ្ងៃ និង​របប​អង្ករ​ប្រចាំខែ​គិត​ជា​សាច់ប្រាក់​។

ដោយឡែក​ចាប់ពី​ខែមករា​ឆ្នាំ​២០១៨ តទៅ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ថ្មី​មួយទៀត គឺ ការបង់​ពន្ធលើប្រាក់បៀវត្ស របស់​មន្ត្រី បុគ្គលិក កម្មករ ទាំង​ក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​ទូទៅ​ផងដែរ ។

​យោងតាម សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការ​ការ អនុវត្ត​អាត្រា​ពន្ធលើប្រាក់បៀវត្ស​ថ្មី បាន​បង្ហាញថា ចំនួន​ប្រាក់បៀវត្ស​ចាប់ពី​០​រៀល ទៅដល់​១​លាន​២​សែន​រៀល មិន​ត្រូវបាន​ជាប់ពន្ធ​នោះទេ​។

ចំណែក បៀវត្ស​ចាប់ ១​លាន​២​សែន​១​រៀល ដល់ ២​លាន​រៀល ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​៥​ភាគរយ ។ បៀវត្ស​ចាប់ពី ២​លាន​១​រៀល ដល់​៨​លាន​៥​សែន​រៀល ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ ១០​ភាគរយ​។ បៀវត្ស​ចាប់ពី ៨​លាន​៥​សែន​១​រៀល ដល់ ១២​លាន​៥​សែន​រៀល ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ ១៥​ភាគរយ​។ និង​បៀវត្ស លើសពី​១២​លាន​៥​សែន​រៀល ត្រូវ​ជាប់​កាត​ព្វ​បង់ពន្ធ​២០​ភាគរយ​៕
​