ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានយល់ព្រមទទួលធ្វើជាប្រធានមូលនិធិទ្រទ្រង់មនុស្សចាស់ ដែលនឹងជួយគាំទ្រកាន់តែខ្លាំងដល់ការអនុវត្តសកម្មភាពនៃគោលនយោបាយជាតិស្តីពីមនុស្សចាស់ ឆ្នាំ២០១៧-២០៣០។
នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់អោយចាប់ផ្តើមអនុវត្តគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ដោយប្រគល់ភារកិច្ច នៃការអនុវត្តគោលនយោបាយនេះ ទៅអោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា។
គោលនយោបាយជាតិថ្មីនេះ បង្កើតប្រព័ន្ធគាំពារសុខុមាលភាពរយៈពេលវែងសម្រាប់មនុស្សវ័យចាស់នៅកម្ពុជា អោយទទួលបាននូវគុណភាពជីវិត និងការគាំពារយ៉ាងពេញលេញ ខណៈដែលកាលពីក្នុងឆ្នាំ២០១៣ កម្ពុជាមានមនុស្សវ័យចាស់ អាយុពី៦០ឆ្នាំឡើង ប្រមាណ១លាន២សែននាក់ គឺស្មើនឹង៨%នៃចំនួនប្រជាជនសរុប១៥លាននាក់។ ហើយចំនួនមនុស្សវ័យចាស់នៅកម្ពុជា ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ប្រមាណ ២លាននាក់ នៅឆ្នាំ២០៣០ ស្មើនឹង ១១% នៃប្រជាជនសរុប១៨លាននាក់ នាពេលនោះ។
តាមការបញ្ជាក់របស់ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បង្ហាញថា គោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ត្រូវបានអនុម័តពីរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ។ គោលនយោបាយនេះ ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ដោយមានកិច្ចសហការរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដូចជាអង្គការមនុស្សចាស់កម្ពុជា (HELP AGE CAMBODIA) និង អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រជាជន ហៅថា(UNFPA) ។ លោក វង សូត ក៏បានបញ្ជាក់ដែរថា ការរៀបចំគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧-២០៣០នេះ ក៏ធ្វើឡើងស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣! ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨! ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ផងដែរ។
នៅក្នុងពិធីប្រកាសផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយល់ព្រមទទួលធ្វើជា ប្រធានមូលនិធិទ្រទ្រង់មនុស្សចាស់នៅកម្ពុជា ដោយសម្តេចបាន កត់សំគាល់ថា បើទោះបីជា តាមប្រពៃណីទំនៀមទម្លាប់របស់កម្ពុជា មនុស្សវ័យចាស់ ត្រូវបានមើលថែទាំដោយកូនចៅ ក្រុមគ្រួសារក្តី ប៉ុន្តែជារួមមនុស្សវ័យចាស់ក៏ត្រូវតែទទួលបាននូវការគាំពារសុខមាលភាព និងការយកចិត្តទុកដាក់ ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកថា ការបង្កើតគោលនយោបាយ គាំពារសុខមាលភាពដល់ប្រជាពលរដ្ឋ គឺជារៀងចាំបាច់បំផុត នាពេលនេះ។
សូមបញ្ជាក់ថា គោលនយោបាយជាតិស្តីពីមនុស្សវ័យចំណាស់ឆ្នាំ២០១៧-២០៣០ នឹងផ្តោតលើសកម្មភាពនិងការងារអាទិភាពចំនួន៩ សម្រាប់មនុស្សវ័យចាស់ រួមមាន៖ សន្ដិសុខហិរញ្ញវត្ថុ, សុខភាព និងសុខុមាលភាព, របៀបរបបការរស់នៅ, បរិស្ថានដែលអំណោយផល, សមាគមមនុស្សចាស់ និងវ័យចាស់, ទំនាក់ទំនងអន្ដរជំនាន់, ការរំលោភបំពាន និងអំពើហិង្សាលើមនុស្សចាស់, ស្ថានភាពមានអាសន្ន និង ការត្រៀមខ្លួនមនុស្សវ័យក្មេងសម្រាប់ឈានចូលវ័យចាស់។
គួរបញ្ជាក់ថា នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនិងកំពុងអនុវត្ត នូវក្របខណ្ឌគោលនយោបាយគាំពារសង្គមមួយចំនួនរួចមកហើយ ដើម្បីលើកកម្ពស់ជីវភាព សុខមាលភាពនិងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក្នុងនោះមានដូចជា ៖ គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥! បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (ប.ជ.ស) បេឡាជាតិអតីតយុទ្ធជន (ប.ជ.អ) មូលនិធិជនពិការ(ម.ជ.ព) មូលនិធិគាំពារសុខុមាលភាព សម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន ក្រុមប្រឹក្សាឃុំសង្កាត់ មូលនិធិគាំពារសង្គមសម្រាប់កម្មករក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ! មូលនិធិមន្ទីរពេទ្រគន្ធបុប្ផា និងមូលនិធិត្រីចក្រយានកម្ពុជា រឺមូលនិធិសីក្លូ ជាដើម៕