ភ្នំពេញ ៖ ស្របទៅនឹងព្រឹត្តិការណ៍ ដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសនូវគោលនយោបាយជាតិស្តីពី មនុស្សចាស់នៅកម្ពុជា មានក្រុមហ៊ុន មកពីប្រទេសជប៉ុនមួយឈ្មោះថា(ProcastCAMBODIA Co., Ltd.)បានចំណាយទុនជាង៣លានដុល្លារ បង្កើតវិទ្យាស្ថានបណ្តុះបណ្តាល សេវាថែទាំមនុស្សចាស់នៅក្នុងប្រទេសកម្ពុជា ដែលគ្រោងនឹងបើកឱ្យដំណើរក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបជាមួយ លោកKondo Yoshio ប្រធានក្រុមហ៊ុនProcast CAMBODIA Co., Ltd. នៅព្រឹកថ្ងៃទី១៨ខែមករា នាទីស្តីការក្រសួងថា កម្ពុជានឹងមានការបណ្តុះបណ្តាលសេវាថែទាំមនុស្សចាស់ ដំបូងបំផុត ដែលពុំធ្លាប់មាន។ អគារវិទ្យាស្ថានសេវាថែទាំមនុស្សចាស់ បានដំណើរការសាងសង់រួចរាល់ ហើយបាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងបំពាក់សម្ភារៈផ្សេងៗដើម្បីចាប់ផ្តើមដំណើរការដែលមានអ្នកឯកទេស បង្រៀនមកពីប្រទេសជប៉ុន ។ វិទ្យាស្ថានមួយនេះ គ្រោងនឹងដាក់ឱ្យដំណើរការនៅអំឡុងខែមេសាឆ្នាំ២០១៨ខាងមុខនេះ។
លោក រដ្ឋមន្ត្រីបញ្ជាក់ថា សេវាមួយនេះពិតជាត្រូវការ បណ្តុះបណ្តាជំនាញច្បាស់លាស់អាចនិយាយបានថា មានសមត្ថភាពប្រហាក់ប្រហែលនិងគិលានុប្បថ គិលានុប្បយិកា ព្រោះថាការថែទាំមនុស្សចាស់គឺត្រូវការមានចិត្តសាស្ត្រ វិទ្យាសាស្ត្រ ក្រមសីលធម៌ និងជំនាញជាចាំបាច់។ ការបញ្ជូនកម្មសិក្សាការីទៅធ្វើសេវានេះនៅប្រទេសជប៉ុនជារឿងមួយ ប៉ុន្តែកម្ពុជាក៏មានតម្រូវការសេវាបែបនេះចាំបាច់ផងដែរ ដោយសារអត្រាមនុស្សចាស់នៅកម្ពុជាកាន់តែច្រើន ហើយក្រុមគ្រួសារ កូនចៅ រវល់ ពិសេសកំណើនសេដ្ឋកិច្ចនិងសុខមាលភាពរបស់ប្រជាជនកម្ពុជា មានភាពល្អប្រសើរ ទាមទារឱ្យមានសេវាថែទាំ មនុស្សចាស់ឱ្យបានល្អនៅពេលខាងមុខនេះ។
ជាមួយគ្នានោះដែរ លោក Kondo Yoshioបានបញ្ជាក់តាមរយៈការបកប្រែឱ្យដឹងថា ក្រុមហ៊ុនបានចំណាយទុនប្រមាណ៣លានដុល្លារអាមេរិក ក្នុងការកសាងមជ្ឈមណ្ឌលដែលមានកំពស់៥ជាន់ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុងឬទ្ធី ក្នុងរាជធានីភ្នំពេញ។ នៅឆ្នាំដំបូងនេះ ក្រុមហ៊ុនគ្រោងនឹងបណ្តុះបណ្តាលមនុស្សប្រមាណ១៨០នាក់នៅកម្ពុជា។ ចំពោះសេវាថ្លៃសិក្សាក្រុមហ៊ុននឹងរកដៃគូរនៅប្រទេសជប៉ុនដើម្បីផ្តល់ថ្លៃសិក្សាជូននិស្សិតកម្ពុជា ដែលមានបំណងរៀនជំនាញនេះ។ នៅពេលរៀនចប់ពួកគេនឹងទៅធ្វើការនៅប្រទេសជប៉ុន។
លោកបញ្ជាក់ទៀតថាសាលាមួយនេះ នឹងបង្រៀនកម្រិតបរិញ្ញាបត្ររង ដែលមាន៣មហាវិទ្យាល័យគឺ មហាវិទ្យាល័យ ថែទាំ ចាស់ជរា មហាវិទ្យាល័យ អក្សរសាស្ត្រភាសារជប៉ុន និងមហាវិទ្យាល័យ អាយធី ដែលត្រូវប្រើពេល២ឆ្នាំ ដោយមិនកំណត់ពីអាយុនោះទេ ពោលគឺតាមតម្រូវការជាក់ស្តែង និងចាំបាច់៕