ភ្នំពេញ ៖ ក្នុងឱកាសចុះប្រតិបត្តិការបង្ក្រាបការទន្ទ្រានកាន់កាប់បឹងតាមោគ នាថ្ងៃទី១៨ ខែមករានេះ លោក សុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានបញ្ជាក់ថាការទន្ទ្រានកាន់កាប់ផ្ទៃបឹងនេះរដ្ឋបាលខណ្ឌ ព្រែកព្នៅបានដាក់កំណត់ និងមានការយល់ព្រមពីសាម៉ីខ្លួនផង ថារុះរើសំណង់ដែលសង់រំលោភទន្រា្ទន លើដីបឹងតាមោគនោះចេញតែក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះ ។ប៉ុន្ដែមកទល់ពេលនេះរយៈពេល២សប្ដាហ៍ហើយ សំណង់ទាំងនោះពុំទាន់បានរុះរើនៅឡើយ ហាក់ដូចជាមានអ្នកនៅពីក្រោយខ្នង។
លោក សុខ សម្បត្តិ បានបញ្ជាក់ថា បើតាមព៌តមានពីអាជ្ញាធរសង្កាត់ សំរោង និងពីភា្នក់ងាររបស់យើង អ្នកដែលនៅពីក្រោយខ្នងនោះគឺ ជាអ្នកមានឋានន្ដរៈស័ក្ដិថែមទៀតផង សមត្ថកិច្ចខណ្ឌកំពុងស្រាវជ្រាវ បន្ថែមទៀតឲ្យបាន ច្បាស់លាស់ ។
លោកអភិបានខណ្ឌបានសំណូមពរដល់បងប្អូនទាំងនោះ សូមកុំលូកដៃ ធ្វើឲ្យរាំងស្ទះដល់អាជ្ញាធរ ត្រូវយល់ថា នេះជាដីរបស់រដ្ឋ ជាបឹងរបស់រដ្ឋ អាចធ្វើអាជីវកម្មបានក្នុងកម្រឹត១ ដោយការដាក់មង ចងសន្ទូច ក្នុងលក្ខណៈគ្រួសារ ប៉ុន្ដែមិនអនុញ្ញាតិ អោយសាងសង់សំណង់ទាំងឡាយ ដែលបម្រុងកាន់កាប់ធ្វើជាកម្មសិទ្ធរបស់ខ្លួន ឡើយ។ សូមកុំលូកដៃ ត្រូវដកខ្លួនឲ្យឆ្ងាយចៀសវៀងនូវភាពប្រឈមដោយប្រការណា១ ដើម្បីទុកឲ្យរដ្ឋបាលខណ្ឌ បំពេញការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ។ ប្រសិនបើ ក្នុងករណីនៅតែបន្ដលូកដៃ បែបនេះ អាជ្ញាធរខណ្ឌ និងចាត់វិធានការរដ្ឋបាល ឬវិធានការច្បាប់ហើយ ។
ជាមួយនេះ សម្រាប់ប្រជាពលរដ្ឋដែលមិនទាន់រុះរើ សូមរុះរើ នៅថ្ងៃនេះជាកំហិត ព្រោះសមត្ថកិច្ចបានទុកពេលឲ្យយូរហើយ តែពួកគាត់មានចេតនា មិនព្រមរុះរើ ដោយសារមានអ្នកនៅពីក្រោយខ្នង ។ ចំពោះស៊ងត្រី អាជ្ញាធរទុកពេលឲ្យ៤ខែ ដើម្បីធ្វើការរុះរើ។
ទោះជាយ៉ាងណាអាជ្ញាធរសំណូមពរយ៉ាងទទូចសូមឲ្យបងប្អូនរុះរើដោយខ្លួនឯង និង ឈប់រំលោភ ទន្ទ្រានកាន់កាប់ដីដោយខុសច្បាស់ តទៅទៀត ។ ក្នុងករណីមិនព្រមរុះរើរដ្ឋបាលខណ្ឌនឹងប្រើកម្លាំងរបស់ខ្លួន ដើម្បីរុះរើ ដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ឬខូចខាតសម្ភារៈ របស់បងប្អូនឡើយ។គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែ មករានេះ សមត្ថកិច្ចចម្រុះ ខណ្ឌព្រែកព្នៅដែលមានកម្លាំងសរុបប្រមាណជាង១០០នាក់ បាន បង្ក្រាបដកហូត និងទប់ស្កាត់សកម្មភាព រំលោភយកផ្ទៃបឹងតាមោគមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ស្ថិតក្នុងភូមិសាស្ដ្រ សង្កាត់ព្រែកព្នៅ និង សង្កាត់សំរោង ដែលការទន្ទ្រានកាន់កាប់ នេះ អ្នកខ្លះបានធ្វើស៊ងចិញ្ចឹមត្រីមានអ្នកខ្លះបោះបង្គោល ធំៗ ដើម្បីកាន់កាប់ អ្នកខ្លះបានធ្វើស៊ងចិញ្ចឹមត្រី ជាលក្ខណៈគ្រួសារ និងជាលក្ខណៈអាជីវកម្មទ្រង់ទ្រាយធំ និងមានសង់ជាសំណង់ស្នាក់នៅថែមទៀត៕