ភ្នំពេញ ៖ ក្នុងយុទ្ធនាការនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០១៧ សមត្ថកិច្ចបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនបាន ៨ពាន់ ១៥១ករណី ឃាត់ខ្លួនមនុស្ស ១៧ពាន់ ៨៧៧នាក់។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ទុកការរងគ្រោះដោយសារ ឥទ្ធិពលគ្រឿងញៀនថាជាគ្រោះមហន្តរាយមួយដែលបង្កឡើងដោយកត្តាមនុស្ស ព្រមទាំង បានបង្ហាញនូវរបាយការណ៍ប្រចាំឆ្នាំ២០១៧កន្លងទៅនេះថា ក្នុងយុទ្ធនាការនៃការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនឆ្នាំ២០១៧ សមត្ថកិច្ចបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនបាន ៨ពាន់ ១៥១ករណី ឃាត់ខ្លួនមនុស្សបាន ១៧ពាន់ ៨៧៧នាក់ ព្រមទាំងបានរឹបអូសគ្រឿង ញៀនគ្រប់ប្រភេទ មធ្យោបាយប្រើប្រាស់រួមទាំងអាវុធវែងខ្លីមួយចំនួន ក្នុងនោះអ្នកញៀនថ្នាំ មួយចំនួនធំត្រូវបញ្ជូនទៅទទួលការព្យាបាលនៅតាមមណ្ឌលសុខភាពនានាទូទាំងប្រទេស។
បើយោងតាមការលើកឡើង របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេល កន្លងទៅថា កម្ពុជាមិនមែនជាប្រទេសដែលផលិតគ្រឿងញៀនទេ ប៉ុន្តែឈ្មួញទុច្ចរិតបានប្រើ ប្រាស់ជាទីតាំងដើម្បីដឹកជញ្ជូនបន្តទៅកាន់ប្រទេសទី៣ ដែលសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងចាប់បានជាបន្តបន្ទាប់នាពេលកន្លងមក ហើយក្នុងនេះបណ្តាខេត្តនៅភូមិភាគឦសាននៅ តែប្រឈមនឹងសកម្មភាពលួចចរាចរនាំចូលគ្រឿងញៀនឆ្លងដែនខុសច្បាប់ ទោះបីសមត្ថកិច្ច បានបង្ក្រាប និងកាត់ផ្តាច់ខ្សែរយៈទាក់ទងជាច្រើនក៏ដោយ ដែលនាំអោយយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀននឹងត្រូវអនុវត្តបន្តទៀត ដោយសារតែការប្រើប្រាស់សារធាតុញៀនបាន បន្តរាលដាលដល់ទីជនបទ ហើយការបង្ក្រាបបទល្មើសក៏មានការកើនឡើងលើសឆ្នាំកន្លង មក។ ជាលទ្ធផលនៃការបង្ក្រាបបានធ្វើអោយបទល្មើសព្រហ្មទណ្ឌមានការថយចុះ និងជះ ឥទ្ធិពលវិជ្ជមានដល់បរិយាកាសសន្តិសុខសណ្តាប់ធ្នាប់សង្គមជាទូទៅ និងបានជួយកាត់បន្ថយ ទុក្ខលំបាក និងក្តីបារម្ភរបស់ប្រជាពលរដ្ឋក៏ដូចជាអាណាព្យាបាលក្នុងមូលដ្ឋាន៕