ស្លាប់​កម្មករ​ម្នាក់ ពេល​ប៉ូលិស​ផ្ទុះអាវុធ​បង្ក្រាប​កន្លែង​ជល់​មាន់នៅ​សង្កាត់​ចោមចៅ​២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 January, 2018 ក+ ក-

​ភ្នំពេញ ៖ កម្មករ​រោងចក្រ​ម្នាក់​បាន​រង​គ្រាប់កាំភ្លើង​ចំនួន ២​គ្រាប់​បណ្តាល​អោយស្លាប់ នៅពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ខណៈដែល​កំពុងតែ​ឈរ​លេង​នៅលើផ្ទះ​ជាន់​ទី​៣​ហើយ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះទៅ​ប​ង្រា​ប​សង្វៀន​ជល់​មាន់ និង​បាញ់អាប៉ោង ផ្ទុះអាវុធ​ជាច្រើន​គ្រាប់ ហើយ​គ្រាប់កាំភ្លើង​បាន​ហោះ​ទៅ​ត្រូវចំ​បំពង​ក ជនរងគ្រោះ​តែម្តង​។​

​ហេតុការណ៍​នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​នាទី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងក្រោយ​ផ្សារ កា​ណា​ស៊ី​ធី ស្ថិតនៅ​ក្នុងភូមិ​ចោមចៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​បន្ទាប់ពី​ស្លាប់ ស្ត្រី​ជា​ប្រពន្ធ​បាន​យំសោក​បោក​ខ្លួន​ហើយ​ទាមទារ​ឲ្យ​ក្រុមនគរបាល​ទទួលខុស​ត្រូវ ។​
​ជនរងគ្រោះ​ដែល​អះអាងថា​បាន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង នគរបាល ឈ្មោះ​សៀក រ៉​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កម្មករ​រោងចក្រ​ស្នាក់នៅ​កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត​នៅក្នុង​ឃុំ​ដុង ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវ​គ្រាប់កាំភ្លើង​ចំនួន ២​គ្រាប់​ចំ​បំពង់ក ធ្លាយ​មួយ​គ្រាប់ និង​បៀម​មួយ​គ្រាប់​។ ជនរងគ្រោះ​មាន​ប្រពន្ធ​ឈ្មោះ នុប ផាន្នី អាយុ​២៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ​មានកូន​ប្រុស​ម្នាក់ និង​កូនស្រី​ម្នាក់​នៅក្នុង​បន្ទុក​។​

​តាម​ព័ត៌មាន​អោយដឹង ថា នៅ​មុនពេល​កើតហេតុ​កម្លាំង​នគរបាល​ក៍បាន​ចុះទៅ​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយកន្លែង​នៅក្នុង​ភូមិ កើតហេតុ​ក៍បាន​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​គំរាម​ឡើងលើ ហើយ​ក្រុម​អ្នកញៀន​ល្បែង​បាននាំគ្នា​រត់​ប្រសាច ចៃដន្យ​គ្រាប់កាំភ្លើង​ហោះ​ទៅ​ត្រូវ​ជនរងគ្រោះ​ដែល​កំពុងតែ​ឈរ​នៅលើផ្ទះ​ជាន់​ទី​៣​។​
​តាម​ស្ត្រី​ជា​ប្រពន្ធ​បុរសរងគ្រោះ​បានអោយដឹងថា បន្ទាប់​ត្រឡប់​មកពីផ្សារ ប្តី​របស់ខ្លួន​បាន​ទៅ​ឈរ​នៅ​យ៉​ខាងមុខផ្ទះ​ជាន់​ទី​៣ មុខ​បន្ទប់​ប្អូន ស្រាប់តែ​ឮស្នូរ​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​។ ភ្លាមៗ​នោះ ស្រាប់តែ​ឃើញ​ប្តី​របស់ខ្លួន​បាន​បាន​ទៅ​ដួល​តែម្តង​។

​តាម​ព័ត៌មាន​អោយដឹងថា ក្រុម​អ្នកញៀន​ល្បែងភ្នាល់​មាន់​ចំនួន​២​នាក់​ត្រូវបាន​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន​មាន់​៦​ក្បាល ទ្រុង និង​កៅអី​មួយចំនួន ។
​តាម​ព័ត៌មាន​អោយដឹងថា ខណៈនោះ បង្កអោយមាន​ការភ្ញាក់ផ្អើល​ជាថ្មី​បន្ថែមទៀត ហើយ​កម្លាំង​នគរបាល​ក៍បាន​នាំ​ជនរងគ្រោះ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ព្រះកុសុមៈ នៅពេល​ទៅដល់​មន្ទីរពេទ្យ ក៍បាន​ដាច់ខ្យល់​ស្លាប់ ។​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនមក​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ពោធិ៍​តុង​ក្រោយមក​បញ្ជូនទៅ​ស្រុកកំណើត​។​

​តាម​ព័ត៌មាន​អោយដឹងថា បន្ទាប់ពី​ផ្ទុះអាវុធ​បណ្តាលអោយ​មនុស្ស​ស្លាប់ សមត្ថកិច្ច​ជំនាញ​ចុះទៅពិនិត្យ កន្លែងកើតហេតុ រើស​បាន​សំបក​គ្រាប់​កាំភ្លើងខ្លី ចំនួន ៤​គ្រាប់ ។​ចំណែក​កម្លាំង​នគរបាល​ដែល​ចុះទៅ​បង្ក្រាប មាន​គ្នា ៦​នាក់​មាន​កាំភ្លើងខ្លី​ចំនួន​៥​ដើម ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ខណ្ឌ​ផងដែរ ៕