ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃច័ន្ទ ទី២២ ខែមករា ឆ្នាំ២០១៨ បាន អញ្ជើញអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយមជ្ឈមណ្ឌល អាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) នៅសណ្ឋាគារកាំបូឌីយ៉ាណា។
ថ្លែងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នានោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍សាទរ ចំពោះកិច្ចសហការ រវាង ក្រសួងការងារ និង អង្គការ ACILS នាពេលកន្លងមក រហូតឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាក្នុងថ្ងៃនេះ។
ឯកឧត្តមបណ្ឌិតបញ្ជាក់ទៀតថា កន្លងមកក្រសួង ក៏មានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការ ACILS បើទោះជាមិនមានក្របខណ្ឌជាអនុស្សរណៈនៃការយោគយល់គ្នាក៏ដោយ។ តែនេះជាលើកដំបូង ដែលកិច្ចសហប្រតិបត្តិការនេះឈានដល់ការរៀបចំឱ្យមានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងធ្វើឱ្យភាពជាដៃគូរវាងក្រសួង និងអង្គការ ACILS កាន់តែល្អប្រសើរ។ អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាក្របខណ្ឌដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការ ACILS ដែលនឹងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា តាមរយៈក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការពេលនេះ យើងនឹងរួមគ្នាពង្រឹងការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ សំដៅឆ្លើយតបទៅនឹងគោលបំណងដែលបានកំណត់ក្នុងអនុស្សរណៈ ដែលនឹងចុះហត្ថលេខារួមគ្នានេះ ជាពិសេស កិច្ចសហប្រតិបត្តិការលើផ្នែកសុខភាពនិងសុវត្ថិភាពការងារ និងការអភិវឌ្ឍសុវត្ថិភាពនៃការដឹកជញ្ជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ ដែលជាជំហានដំបូងនៃការអនុវត្តក្របខណ្ឌនេះ។
ជាមួយគ្នានោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមាំថា អនុស្សរណៈនេះ នឹងក្លាយជាក្របខណ្ឌសំខាន់មួយ សម្រាប់ប្រតិបត្តិការរបស់អង្គការ ACILS កាន់តែទូលំទូលាយក្នុងវិស័យការងារ ក៏ដូចជាផ្ដល់នូវភាពស្របច្បាប់សម្រាប់ប្រតិបត្តិការការងាររបស់ខ្លួន អនុលោមតាមច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។
គួររំឭកផងដែរថា កម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក្នុងការអនុវត្តការផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ។ តាមរយៈកិច្ចសហការនេះ កម្ពុជាបានខិតខំពង្រឹងការអនុវត្តលក្ខខណ្ឌការងារល្អប្រសើរ ដែលឆ្លើយតបទៅនឹងកង្វល់របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកបញ្ជាទិញធំៗរបស់សហរដ្ឋអាមេរិក សហជីព និយោជក កម្មករនិយោជិត។
ជាលទ្ធផល កម្ពុជានៅតែរក្សាបានទីផ្សារ និងកិត្យានុភាពទំនិញដែលផលិតនៅកម្ពុជា ព្រមទាំងការអនុគ្រោះនានា។ តាមរយៈនេះ យើងសង្ឃឹមយ៉ាងមុតមាំថា ការបញ្ជាទិញពីសហរដ្ឋអាមេរិកនៅតែបន្តកើនឡើងជាលំដាប់ ទាំងផលិតផលវាយនភណ្ឌ កាត់ដេរ និងផលិត ស្បែកជើង ក៏ដូចជាទំនិញសម្ភារៈធ្វើដំណើរ៕