ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២២ មករាម្សិលមិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានទទួលជួបលោកជំទាវ មានីកា ជេន Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ដែលទើបនឹងចូលកាន់តំណែង ដើម្បីសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួន។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានក្រុមអ្នកព័ត៌មានថា ក្នុងជំនួបនោះលោកជំទាវ មានីកា ជេន Manika Jain បានថ្លែងបង្ហាញអំពីបំណងរបស់ឥណ្ឌា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា ដើម្បីជំរុញអ្នកទេសចរមកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ខណៈឆ្នាំ២០១៦កន្លងអ្នកទេសចរឥណ្ឌាមកកម្ពុជា មានជាង ៤សែននាក់។ លោកជំទាវសង្ឃឹមថា អ្នកទេសចរឥណ្ឌាមកកម្ពុជា នឹងមានចំនួនកើនឡើងកាន់តែច្រើន។
ក្នុងជំនួបនោះលោក ទេសរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាផ្តោតសំខាន់លើការត្រៀមរៀបចំសម្រាប់ដំណើរ ទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់ប្រទេសឥណ្ឌា ដើម្បីចូលរួមប្រជុំរំលឹខួបអនុស្សាវរីយ៌អាស៊ាន-ឥណ្ឌា និងបំពេញទស្សនកិច្ចពីថ្ងៃទី២៥-២៨ ខែមករា។
លោកទេសរដ្ឋមន្ត្រី និងលោក ជំទាវ មានីកា ជេន បានពិភាក្សាគ្នាលើការតៀមឯកសារសម្រាប់ការចុះហត្ថលេខានៅក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ក្នុងឱកាសនោះដែរសម្តេចតេជោនាយករដ្ឋ មន្ត្រីនិងថ្លែងសន្ទរកថាគន្លឹ ស្តីអំពីឱកាសវិនិយោគទុននៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគទុនឥណ្ឌា ឲ្យមកបណ្តាក់ទុននៅកម្ពុជា ហើយក៏ជាឱកាសបង្កើតនូវទំនាក់ទំនងរវាងធុរៈកិច្ចជនកម្ពុជា ជាមួយធុរៈកិច្ចជនឥណ្ឌា។
ប្រមុខការទូតកម្ពុជា និងលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅឥណ្ឌានាពេលខាងមុខនេះ គឺជាឱកាសដ៏ល្អមួយដើម្បីឲ្យភាគីទាំងពីរ ពិភាក្សាគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការនៃទំនាក់ទំនងមិត្តភាពដ៏ល្អ និងកិច្ច សហប្រតិបត្តិការគ្នាលើគ្រប់វិស័យនៃប្រទេសទាំងពីរ។
ក្នុងជំនួបម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាទាក់ទងកិច្ចសហការទ្វេភាគី ពិសេសការផ្សាភ្ជាប់គ្នា ដោយបានឯកភាពគ្នាឲ្យមានជើងហោះហើរត្រង់ ព្រោះការហោះហើរត្រង់នេះមានសារៈសំខាន់នៃកិច្ចសហការផ្នែក សេដ្ឋកិច្ច និងការផ្លាស់ប្តូរទេសចរណ៏ ប្រទេសទាំងពីរ និងការផ្លាស់ប្តូរពាពិជ្ជកម្មជាមួយគ្នាឲ្យធំជាងមុន និងជំរុញអ្នកវិនិយោគទុនឥណ្ឌាមកកម្ពុជាផងដែរ៕