វិ​យោគិន​កំពុង​សម្លឹងមើល​ការវិនិយោគ​លើ​សម្ភារៈ​បន្ទប់​គេង​ទំនើបៗ​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2018 ក+ ក-

​ភ្នំពេញ ៖ វិ​យោគិន​កំពុង​សម្លឹងមើល​ការវិនិយោគ​លើ​សម្ភារៈ​បន្ទប់​គេង​ទំនើបៗ​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​វិស័យ​សំណង់​លំនៅដ្ឋាន​មានការ​រីកចម្រើន​ខ្លាំង ។​

ដោយ​មើលឃើញ​ពី​សក្ដានុពល​ទីផ្សារ នៃ​សម្ភារៈ​បន្ទប់​គេ នៅក្នុង​ប្រទេស​កម្ពុជា ខណៈ ការរីកដុះដាល​នៃ​សំណង់​អគារ​ខ្ពស់ៗ សណ្ឋាគារ និង​លំនៅឋាន​ថ្មីៗ បាន​កើន​ឡើងជា​បន្តបន្ទាប់​នោះ អ្នកវិនិយោគ​ក្នុងស្រុក​ជាច្រើន បាន​សហការ​ជាមួយនិង​ក្រុមហ៊ុន​បរទេស ដើម្បី​នាំចូល​និង​ចែកចាយ​ផលិតផល​បន្ទប់​គេង ដែលមាន​គុណភាព ចូលមកក្នុង​ទីផ្សារ​កម្ពុជា ។ ការរីកចម្រើន​នៃ​ការ​នាំចូល​ផលិតផល​ទាំង​នោះមក​កម្ពុជា គឺ​ដោយសារ កំណើនសេដ្ឋកិច្ច និង​ប្រាក់ចំណូល​ពលរដ្ឋ បាន​កើន​ឡើងជា​បន្តបន្ទាប់​។ លោក Aloysius Chew អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ស៊ីម​ម៉ុ​ន ( Simmons ) ដែលជា​ក្រុមហ៊ុន​លក់​ផលិតផល​ដំណេក បានអោយដឹងថា លោក​មើលឃើញ​ពី​ណើ​ន​សេដ្ឋកិច្ច​និង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេល​ថ្មីៗ​នេះ​កំពុងមាន​សន្ទុះ​កើនឡើង​ខ្ពស់ ដែលជា​ហេតុ​ធ្វើអោយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​ដំណេក សម្រេច​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្ដង ។

លោក​ថា បើតាម​ទស្សនវិស័យ​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី​បានការ​ព្យាករណ៍​ពី​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ ជាមួយ​ការកើនឡើង​ប្រាក់ចំណូល​របស់​ប្រជាជន​កម្ពុជា​ក៏​កាន់តែ​ខ្ពស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ ដូចនេះ តម្រូវការ​លើ​សម្ភារៈ​ទំនើប និង​មាន​គុណភាព​ក៏​កើនឡើង​ទៅតាម​នឹង​ប្រាក់ចំណូល​នោះដែរ​។

​លោក​បញ្ជាក់ថា ស្ថិរភាព​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ញ៉ាំងឱ្យមាន​ការអភិវឌ្ឍ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​បូករួម​ជាមួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​កាន់តែ​ល្អប្រសើរ​ឡើង ហេតុ​ដូច្នេះហើយ មនុស្ស​កាន់តែច្រើន​កំពុង​ផ្តោតលើ​របៀប​រស់នៅ​និង​ការ​គេង​ដែលមាន​សុខភាព​ល្អ ព្រោះ​ដំណេក​ល្អ​និង​ស្រួល មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព ។

​តាមរយៈ​ក្រុមហ៊ុន​ស៊ីម​ម៉ុ​ន (Simmons) បង្ហាញថា បច្ចុប្បន្ន​មាន​សណ្ឋាគារ​ទំនើបៗ​មួយចំនួន ក្នុងប្រទេស​កម្ពុជា កំពុង​ប្រើប្រាស់​ផលិតផល​របស់​ស៊ីម​ម៉ុ​នស៍ ជាក់ស្ដែង សណ្ឋាគារ Rosewood Phnom Penh និង​សណ្ឋាគារ​អាំងទែ​កង់​ទី​ណង់​តា​ល់​រាជធានី​ភ្នំពេញ​ជាដើម​។

​សូមបញ្ជាក់ថា តាម​របាយការណ៍​រប​ស់​សាលា​រាជធានី​ភ្នំពេញ គិត​ត្រឹម​ឆ្នាំ ២០១៧​កន្លងទៅ​ថ្មីៗ​នេះ រាជធានី​ភ្នំពេញ​មាន​អគារ​ខ្ពស់​ចំនួន ៩៧៩​អគារ ក្នុងនោះ អគារ​កម្ពស់​៥​ជាន់​ដល់ ៩​ជាន់ មាន​៥៧៩​អគារ​! អគារ​កម្ពស់​១០​ជាន់ ដល់​១៩​ជាន់ មាន​២៩០​អគារ​! អគារ​កម្ពស់​២០​ជាន់​ដល់​២៩​ជាន់ មាន​៧០​អគារ​! អគារ​កម្ពស់​៣០​ជាន់​ដល់​៣៩​ជាន់ មាន​២៩​ជាន់ និង​អគារ​កម្ពស់​ចាប់ពី​៤០​ជាន់​ឡើងទៅ មាន​ចំនួន​១១​អគារ​។
​ចំណែក សំណង់​បុរី​ដែល​សាលា​រាជធានី​ភ្នំពេញ បានអនុញ្ញាត​អោយ​សាងសង់​មាន​ចំនួន​១៨០​បុរី ៕