ភនមំពេញ ៖ ក្រោយពេលបើកការដ្ឋានសាងសង់គម្រោងលំនៅឋានតម្លៃសមរម្យ សម្រាប់អ្នកចំណូលទាប និងមធ្យម និងមន្ត្រីរាជការ ជិតមួយឆ្នាំ គម្រោងនេះហាក់មានភាពស្ងប់ស្ងាត់ និងបានពន្យារពេលបើកលក់ជាបន្តបន្ទាប់ តែរហូតមកដល់ពេលនេះគម្រោងលំនៅឋានតម្លៃសមរម្យដំបូងគេនេះ បានប្រកាសលក់ជាផ្លូវការហើយ ដូច្នេះប្រជាពលរដ្ឋអ្នកមានចំណូលទាប និងមធ្យម ក៏ដូចជាមន្ត្រីរាជការ ដែលបានចុះឈ្មោះទិញគម្រោងកាលពីមុននោះ អាចទៅពិនិត្យឈ្មោះនិងដាក់ប្រាក់កក់ជាមួយ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងលំនៅឋាននេះ បានអោយដឹងថា ក្រុមហ៊ុននឹងបិទឈ្មោះអតិថិជនដែលមានលក្ខណៈសម្បត្តិអាចទទួលបានសិទ្ធិទិញគម្រោងលំនៅឋានតម្លៃសមរម្យ នៅទីតាំងគម្រោងផ្ទាល់ គឺនៅភូមិកោះគរ ឃុំរការខ្ពស់ ស្រុងស្អាង ខេត្តកណ្ដាល នៅថ្ងៃទី២៣ ខែមករានេះ ហើយអតិថិជនត្រូវទៅមើលឈ្មោះ និងចំណាំលេខរៀងរបស់ខ្លួនអោយបានច្បាស់ដើម្បីទៅចុះឈ្មោះ និងដាក់ប្រាក់កក់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅការិយាល័យលក់ ស្ថិតនៅដីឡូត៍លេខ៦៤៤បេ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍បានបញ្ជាក់ផងដែរថា អតិថិជន ទាំងអស់ត្រូវភ្ជាប់ជាមួយនូវឯកសារមួយចំនួន ដើម្បីផ្ទៀងផ្ទាត់ ដូចជា ១ ពាក្យស្នើសុំទិញលំនៅឋានតម្លៃសមរម្យជាមួយនឹងក្រុមហ៊ុន ២. អត្តសញ្ញាណសញ្ជាតិខ្មែរ និងប័ណ្ណសំគាល់មន្ត្រីរាជការ និងទី៣ សំបុត្រអាពាហ៍ពិពាហ៍ ឬសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ បើសិនជាមាន ។
បើតាមលោកឧកញ៉ា សៀ រឹទ្ធី ម្ចាស់គម្រោងលំនៅឋាននេះ បានអោយដឹងថា បន្ទាប់ពីបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រុមការងារបានសង់ហេដ្ឋារចនាសម្ព័ន្ធអោយរួចរាល់សិន ទើបចាប់ផ្ដើមសាងសង់ផ្ទះជាបន្តទៀត ។ គម្រោងលំនៅឋាននេះ នឹងត្រូវប្រគល់ផ្ទះជូនអតិថិជនជាបណ្ដើរៗនៅចុងឆ្នាំ ២០១៨នេះ បើទោះបីជាមិនបានប្រគល់ទាំងអស់ព្រមគ្នាក៏ត្រូវប្រគល់គម្រោងផ្ទះណាដែលសង់រួចដែរ ។
គួរបញ្ជាក់ថា លក្ខខណ្ឌសម្រាប់អ្នកដែលមានបំណងទិញគម្រោងលំនៅឋានតម្លៃសមរម្យមួយនេះរួមមាន ជាអ្នកដែលរៀបអាពាហ៍ពិពាហ៍រួចហើយ , ចំណូលខ្ពស់បំផុតត្រឹម ៥០០ដុល្លារអាមេរិក ក្នុងមួយខែ និងជាអ្នកដែលមិនទាន់មានលំនៅឋានសម្រាប់ស្នាក់នៅផ្ទាល់ខ្លួន ជាដើម៕