ភ្នំពេញ ៖ ពីមុនមកគរធ្លាបតែដឹងថា តារាសម្ដែងស៊ិចស៊ី កញ្ញា ដេនី ក្វាន់ ត្រូវបានក្រសួងវប្បធម៌ចេញច្បាប់មិនអោយបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍រហូតដល់១ឆ្នាំ ដោយសារតែនាងមានទម្លាប់បង្ហោះរូបស៊ិចស៊ីជាសាធារណៈ ។ឥឡូវនេះ ក៏មានតារាសម្ដែងស៊ិចស៊ីមួយដួងទៀតគឺកញ្ញា សេង សូណា ដែលនាងបានប្រកាសជាឱឡារិកថានាងមិនប្ដូរជំហរលុបចោលបំណងសម្តែងភាពស៊ិចស៊ីនេះទេ និងអាចសម្តែងក្នុងឈុតស្នេហារោលរាលដោយមិនខ្វល់ពីការរិះគន់ថែមទៀតផង។
កញ្ញា សេង សូណា បានអះអាងយ៉ាងដូច្នេះនៅចំពោះមុខមិត្តភ័ក្តិ និងអ្នកសារព័ត៌មាននៅក្នុងកម្មវិធីខួបកំណើតកាលពីថ្ងៃទី២១ មករា នៅបុរីល្អពេញចិត្ត ក្នុងឫស្សីកែវ ។ កញ្ញាប្រាប់ថា មហាជនភាគច្រើនបានស្គាល់ថានាងជាតារាស៊ិចស៊ី ដូច្នេះបើនាងប្ដូរទម្លាប់មកជាសម្តែងជាតារាស្រគត់ស្រគំ
គឺមហាជនពិតជាឈប់ស្គាល់នាង ឬអាចមើលនឹងលែងស្គាល់។
ទោះជាយ៉ាងណាក្តី នាងបានបញ្ជាក់ថានាងបង្ហាញភាពស៊ិចស៊ី ស្នេហារោលរាលតែក្នុងរឿងប៉ុណ្ណោះគឺត្រឹមកម្រិតមួយដែលមហាជនអាចទទួលយកបានប៉ុណ្ណោះ
គឺមិនដល់ថ្នាក់ធ្វើអោយប៉ះពាល់ដល់ប្រពៃណីខ្មែរ ប៉ះពាល់ដល់អារម្មណ៍ទស្សនិកជនដែលធ្លាប់គាំទ្រនាង និងមានប្រតិកម្មពីក្រសួងនោះឡើយ។
នាងនិយាយថា «សម្រាប់ខ្ញុំអត់ខ្លាចអ្នកណារិះគន់រឿងថាខ្ញុំស៊ិចស៊ីហ្នឹងទេ ព្រោះរាល់ថ្ងៃបើកុំតែចឹងក៏ខ្ញុំប្រហែលមិនអាចជោគជ័យដល់ប៉ុណ្ណឹងដែរ!»។
នាងអះអាងថាក្រៅពីការងារសិល្បៈដែលមានការរីកចំរើនខុសគ្នាដាច់ឆ្ងាយ មុនពេលដែលនាងមិនទាន់ហ៊ានបញ្ចេញភាពស៊ិចស៊ី នាងក៏ទទួលជោគជ័យក្នុងការលក់ដូរផលិតផលនៅតាមអនឡាញដែលរកចំណូលបានច្រើនពាន់ដុល្លារក្នុងមួយខែៗនោះផងដែរ។
នាងបន្តថា «កន្លងមកខ្ញុំសម្ដែងជាតួអង្គស្នេហារោលរាលយ៉ាងជោគជ័យច្រើនរឿងហើយ ឥឡូវនៅខែកុម្ភៈនេះ ខ្ញុំកុងត្រាសម្ដែងរឿងអោយអាមេរិក២រឿងទៀតហើយ ដែលរឿងទាំងពីរគឺសុទ្ធតែមានប្លង់ស្នេហារោលរាលតែម្ដង ហើយខ្ញុំអត់គិតថាក្រោយពេលសម្ដែងហើយមានការប្រកាសបិទខ្ញុំពីសិល្បៈអីដូច ដេនី ក្វាន់ ទេ ព្រោះបើក្រសួងអោយគេថតរឿងហ្នឹងមានន័យថាខ្ញុំសម្ដែងក្នុងរឿងហ្នឹងក៏មិនខុសដែរ»។
ទាក់ទងនឹងរឿងជីវិតឯកជន នាងប្រកាសថា បុរសដែលនាងជ្រើសរើសលុះត្រាតែចេញមុខស្ដីដណ្ដឹង និងហ៊ានរៀបការជាមួយនាងតាមច្បាប់តែបើត្រឹមតែមកលិបលៗនោះទេ គឺនាងមិនព្រមទទួលឡើយបើទោះជានាងជានារីស៊ិចស៊ី ដែលត្រូវគេវាយតម្លៃថាទំនងជារាយមាយក្នុងរឿងស្នេហាក៏ដោយ៕