បង្ក្រាប​ទីតាំង​លួច​ផលិត​ប៊ីចេង​សញ្ញា​ខ្ទះ​ទ្រ​វែក​ក្លែងក្លាយ បី​កន្លែង​នៅ​សង្កាត់​បឹង​ព្រលិត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2018 ក+ ក-

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ​និង​នគរបាល​មូលដ្ឋាន​ខណ្ឌ​៧​មករា​បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ ទីតាំង​ផលិត ប៊ីចេង​ក្លែងក្លាយ​ចំនួន​៣​ទីតាំង​នៅក្នុង​មូលដ្ឋាន​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។ ក្នុង​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​លី​សុផាន់​ណាៗ​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​មានការ​បញ្ជា​ផ្ទាល់​ដោយ លោក​ឩ​ត្ត​ម​សេនីយ៍ មាស​រ៉ាវុធ​អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ធ្វើឡើង​កាលពី​រសៀល ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៨ ក្នុង​មូលដ្ឋាន​សង្កាត់​បឹង​ព្រលឹត​ខណ្ឌ​៧​មករា​រាជធានី​ភ្នំពេញ​។​

​នគរបាល​បាន​បានអោយដឹងថា ទីតាំង​វេច​ខ្ចប់ ស្តុក និង​ចែកចាយ​ប៊ីចេង​ក្លែងក្លាយ​សញ្ញា​រូប​វែក ដែល​សមត្ថកិច្ច​ចុះបង្ក្រាប រួមមាន​៖

ទីតាំង​ទី​១ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​២៣ ផ្លូវ​១២៥ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។ សមត្ថកិច្ច​ដកហូត​បា​ន ប៊ីចេង ចំនួន ៥៣​បេ ស្មើនឹង ១៣៦៤​គីឡូក្រាម ប៊ីចេង​មិនទាន់​វេច​ខ្ចប់​ចំនួន ៧៦​បេ ស្មើនឹង ១៨៩៨ គីឡូក្រាម សំបក​វេច​ខ្ចប់​ទំងន់ ៩៩ គីឡូក្រាម ម៉ាស៊ីន​អ៊ុត​មាត់​ថង់ ១​គ្រឿង និង​ម៉ាស៊ីន​វេច​ខ្ចប់ ១​គ្រឿង​។​

ទីតាំង​ទី​២ ស្ថិតនៅ​ចំណុច​ផ្ទះ​១៤B ផ្លូវ​១៤១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។ សមត្ថកិច្ច​ដកហូត​ប៊ីចេង​ក្លែងក្លាយ​ចំនួន​៨០០​កញ្ចប់​តូច ស្មើនឹង ២៧៥​គីឡូក្រាម និង​សំបក​ខ្ចប់​មួយចំនួនទៀត​។​

ទីតាំង​ទី​៣ ស្ថិត​នៅផ្ទះ​១០ ផ្លូវ​១៤១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។​
​នគរបាល​បានអោយដឹង​ទៀតថា​នៅមុន​ពេល​ឈានដល់​ការចុះ​ប្រតិបត្តិការ​ទីតាំង​ទាំងអស់នេះ​គឺ​ខាង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានទទួល​ពាក្យបណ្ដឹង​ពី​ម្ចាស់​ក្រុមហ៊ុន​ប៊ីចេង​នៅ​ប្រទេស​ថៃ​ដែលមាន​ការចុះ​ប​ញ្ជើ​នៅ​ប្រទេស​កម្ពុជា​ថា មាន​ក្រុមហ៊ុន​និង​ទីតាំង​ផលិត​ប៊ីចេង​ក្លែងក្លាយ​ជាច្រើន​ទីតាំង​កំពុង​ប្រព្រឹត្ត​លួច​ផលិត និង​ចែកចាយ​ពេញទី​ក្រុងភ្នំពេញ​និង​នៅតាម​ខេត្ត​។​

​ជា​លទ្ធផល​ក្រោយ​បញ្ជ​ប់​ប្រតិបត្តិការ​ទាំង​២​ទីតាំង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានធ្វើ​ការដក​ហូត​វត្ថុតាង​ជាច្រើន​រយ​គីឡូ​និង​ម៉ាស៊ីន​ផលិត​១​គ្រឿង​ថែមទាំង​សម្ភារ​សម្រាប់​ច្រក​ជាច្រើន​ទៀត​។​និង​១​ទីតាំង​ទៀត​កម្លាំង​សមត្ថកិច្ច​និង​បន្ត​ប្រតិ​ប​ត្ត​ការ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា​ឆ្នាំ​២០១៨​នេះ​បន្តទៀត​។​

​សូមបញ្ជាក់​ផងដែរ​ម្ចាស់​ទីតាំង​ទាំង​២ ត្រូវបាន​កម្លាំង​នគរបាល​នាំខ្លួន​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋ​កិ​ច្ឋ ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕