ព្រឹទ្ធសភា​អនុម័ត​ជា​ឯកច្ឆន្ទ​កិច្ចព្រម ព្រៀង​ពាណិជ្ជកម្ម អាស៊ាន និង​ឥណ្ឌា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2018 ក+ ក-

​ភ្នំពេញ ៖ ព្រឹទ្ធិ​សភា​កម្ពុជា បាន​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេវាកម្ម​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា​។​

ក្រោយ​កិច្ចប្រជុំពេញអង្គ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​២៣​ខែមករា ដែល​ដឹកនាំ​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយ​មាន​លោក ប៉ាន សូរ​ស័ក្តិ​ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​នេះ លោក ម៉ម ប៊ុន នាង អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន​៤៩​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​អ្នក​នាំពា​ក្ស​រូបនេះ​បញ្ជាក់ថា​សេចក្តីព្រាងច្បាប់​នេះ នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការផ្តល់​លក្ខណៈ​អនុគ្រោះ​ចំពោះ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ដែលជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ក្នុង​ការទទួល​បានកា​របើក​ច្រក​ទីផ្សារ​ថ្មី​បន្ថែមទៀត​ពី​ឥណ្ឌា និង​ជាទី​ផ្សារ​ថ្មី​មួយ​បន្ថែមទៀត​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹង​ឥណ្ឌា ដែលជា​ប្រទេស​មាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច​ដ៏​ធំ​។​

​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន ៣​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុម័ត​យល់ព្រម​ចំនួន​១១៣​សំឡេង នៃ​ចំនួន​សមាជិកសភា​ទាំងមូល កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៨ ក្នុងសម័យ​ប្រជុំ​ពេញអង្គ រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥៕