ខេត្តកោះកុង ៖ ប្រភពព័ត៌មានពីសមត្ថកិច្ចនៅខេត្តកោះកុង បានឲ្យដឹងថា ប្រជានេសាទសមុទ្រ រស់ នៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ប្រមាណជិត១០នាក់ ក្នុងគ្រួសារ បានពុលត្រីក្រពតធ្ងន់ធ្ងរ និងឈានដល់មានមនុស្សម្នាក់ស្លាប់ នៅវេលាម៉ោង ៤ល្ងាច ថ្ងៃចន្ទ ទី២២ ខែមករា និង៩នាក់ទៀត្រូវបានជួយសង្គ្រោះនៅមន្ទីរពេទ្យ។
ប្រភពពីសាច់ញាតិជនរងគ្រោះ និងមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រោយពេលកើតហេតុ ពួកគាត់ បានព្យាយាមជួយនាំយកជនរងគ្រោះ ទៅសង្គ្រោះ យ៉ាងប្រញាប់ប្រញាល់បំផុត ដោយក្នុងនោះជនរងគ្រោះម្នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យ ដែលនៅជិតផ្ទះជនរងគ្រោះ ជនរងគ្រោះចំនួន ៦នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យស្រុកស្រែអំបិល និង ២នាក់ទៀតដោយមានសភាពធ្ងន់ធ្ងរ បានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
បើទោះជាយ៉ាងនេះក្តី នៅក្នុងចំណោមជនរងគ្រោះទាំងនោះ មានបុរសរងគ្រោះម្នាក់ មានអាការៈធ្ងន់ធ្ងរជាងអ្នកពុលត្រីក្រពតដទៃទៀត បានស្លាប់នៅតាមផ្លូវ ពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ។
ប្រភពពីសាច់ញាតិជនរងគ្រោះ និងមន្ត្រីនគរបាលមូលដ្ឋាន ដដែលបានបន្តថា ជនរងគ្រោះ ក្នុងហេតុការណ៍ពុលត្រីក្រពតទាំងនោះ កំពុងសំរាកព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញដើម្បីអោយ អ្នកជំងឺទាំងនោះ បានធូរស្រាល និងជាសះស្បើយ រួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត៕