កណ្តាល ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅធ្វើការឃាត់បញ្ជូនទៅអធិការនគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរចម្លើយបន្ទាប់ពីបានជិះរថយន្ដមួយគ្រឿង ធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះមកក្រុងតាខ្មៅ ដោយយកប្រាក់ដុល្លារក្លែងក្លាយជិត៣.០០០ដុល្លារចូលបន្លំទិញឥវ៉ាន់របស់ប្រជាពលរដ្ឋជាអាជីវករជាបន្ដបន្ទាប់គ្នា តែត្រូវអាជីវករដឹងដេញចាប់បានប្រគល់ជូនសមត្ថកិច្ច។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៦ល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះលក់ភេសជ្ជៈ មួយកន្លែងស្ថិតក្នុងភូមិភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការប៉ូលិសក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ សឺ ប៊ុនទ្រី ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ១០៩ ផ្លូវ២៧៤ សង្កាត់បឹងព្រលឹត ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះមាន៣នាក់ទី១-ឈ្មោះ ផាវ សារិទ្ធ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរេ មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាលទី២-ឈ្មោះ លឹម លីម ភេទប្រុស អាយុ៥២ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី៣-ឈ្មោះ ម៉ន អៀង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្នុងការចាប់ខ្លួននេះផងដែរសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន៖ រថយន្ត១គ្រឿងម៉ាកTOYOTA pruis ពណ៌ក្រហម បិទស្កុតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS-1163 ,ប្រាក់ដុល្លារក្លែងក្លាយចំនួន២,៧០០ដុល្លារសហរដ្ឋអាមេរិក ,ប្រាក់ដុល្លារពិតប្រាកដចំនួន២៩ដុល្លារសហរដ្ឋអាមេរិក ,ប្រាក់រៀលចំនួន១០២,៨០០រៀល ,ស្រាបៀរABCចំនួន៣កេស ,ប្រេងសាំងចំនួន១ប៊ីដុង មានចំណុះ៣០លីត្រ ,អាគុយម៉ាកROCKETចំនួន២គ្រឿង និងទូរស័ព្ទដៃចំនួន១គ្រឿងម៉ាកLG ពណ៌ស ។
លោកអធិការបានបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យសឺ ប៊ុនទ្រី បានជិះរថយន្តម៉ាក TOYOTA pruis ពណ៌ក្រហម បិទស្កុតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS-1163 ពីធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះមកក្រុងតាខ្មៅ ដោយយកប្រាក់ដុល្លារក្លែងក្លាយ ក្រដាស់១០ៗចំនួន២,៧០០ដុល្លារសហរដ្ឋអាមេរិក រួចចុះពីលើឡាន ទៅទិញស្រាបៀរ និងសាំងរបស់ជនរងគ្រោះចំនួន៣នាក់ ដូចរៀបរាប់ខាងលើ ជាបន្តបន្ទាប់គ្នា ខណៈដែលទិញរួច ជនសង្ស័យក៏បានបើករថយន្ដចេញពីកន្លែងលក់ឆ្ពោះទៅទិញកន្លែងផ្សេងទៀត ។ ក្រោយមកជនរងគ្រោះបានដឹងថា ជនសង្ស័យទិញទំនិញរបស់ខ្លួនជាប្រាក់ដុល្លារក្លែងក្លាយ ភ្លាមៗនោះជនរងគ្រោះ ក៏តាមរកជនសង្ស័យឃើញនៅម្តុំផ្សារព្រែកហូរភ្លាម ហើយធ្វើការឃាត់ខ្លួន រួចប្រគល់ជូនសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់ ។
លោកអធិការបញ្ជាក់ឲ្យដឹងថា ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យរួច សមត្ថកិច្ចបានធ្វើការពិនិត្យ និងដកហូត វត្ថុតាងខាងលើ រួចបញ្ជូនខ្លួនជនសង្ស័យរួមទាំងវត្ថុតាង មកអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការសាកសួរ ។
នៅចំពោះសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកប្រាក់ដុល្លាក្លែងក្លាយទៅទិញ ទំនិញរបស់ ជនរងគ្រោះពិតប្រាកដមែន ហើយខ្លួនធ្លាប់បានយកប្រាក់ដុល្លារក្លែងក្លាយចំនួន១០០ដុល្លារនោះយកមកប្ដូរប្រាក់រៀល ម្ដងរួចមកហើយ កាលពីថ្ងៃទី១៩ ខែឆ្នាំដដែល នៅចំណុចស្តុបស្ពានព្រែកហូរ ។ ចំពោះប្រាក់ដុល្លារក្លែងក្លាយទាំងនោះ គឺខ្លួនបានមកពីជនម្នាក់ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕