ភ្នំពេញ ៖ មន្ត្រីអគ្គិសនីកម្ពុជាបានឱ្យដឹងថា ប្រភពអគ្គិសនីកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានភាពប្រសើរឡើង ជាលំដាប់ ពិសេស ផលិតផលអគ្គិសនីរបស់កម្ពុជា បាននឹងកំពុងមានការអភិវឌ្ឍន៍រីកចំរើនគួរឱ្យកត់សម្គាល់ ទាំងប្រភពអគ្គិសនី ដែលបានមកពី វារីអគ្គិសនី ការប្រើប្រាស់ធ្យូងថ្ម ការប្រើប្រាស់ប្រេងខ្មៅ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ។
ផលិតផលទាំងនេះបានធ្វើឱ្យកម្ពុជា ពង្រីកវិសាលភាព នៃការប្រើប្រាស់អគ្គិសនី ពីទីប្រជុំជន ទៅកាន់តំបន់ជនបទ ពោល គឺអាចនឹងមានថាមពលប្រើប្រាស់៩៨% នៃភូមិទាំងអស់ក្នុងប្រទេសកម្ពុជា នឹងមានអគ្គិសនីប្រើប្រាស់ចេញពីប្រភព អគ្គិសនីរបស់បណ្តាញជាតិ ដែលមានតម្លៃសមរម្យ មានស្ថិរភាព និងមានគុណភាពផងដែរ។
លោក ទី នរិន្ទ ប្រធានអគ្គិសនីកម្ពុជា បានប្រាបើក្រុមអ្នកសារព័ត៌មាននៅក្រោយសន្និបាតបូកសរុបការងារបញ្ចប់ឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នា២០១៨ នៅថ្ងៃទី២៤ ខែមករានេះថា នៅឆ្នាំ២០១៧នេះ ប្រភពអគ្គិសនីមានលក្ខណៈល្អប្រសើរជាងឆ្នាំកន្លងទៅ មានន័យថា មានការកើនរហូតដល់ជាង៨០% ធ្វើឱ្យប្រភពដែលនាំចូលពីរបរទេសមានការធ្លាក់ចុះមកនៅត្រឹមតែជាង១៨%តែប៉ុណ្ណោះ ដែលធ្វើឱ្យការប្រើប្រាស់អគ្គិសនីក្នុងស្រុកច្រើនជាងការនាំចូល។
ទាក់ទិននិងការទិញប្រភពថាមពលពិបរទេសមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានលោក ទី នរិន្ទ ពន្យល់យ៉ាងដូច្នេះថា
ប្រហែលជា០១ទៅ០២ឆ្នាំទៀត កម្ពុជាអាចគ្រប់គ្រងថាមពលអគ្គិសនីបានដោយខ្លួនឯង ដោយមិនពឹងផ្អែកទៅលើការនាំចូលពីប្រទេសជិតខាងទាំងស្រុងទៀតទេ។ ព្រោះថាកម្ពុជាមានប្រភពថាមពលបានមកពី វារីអគ្គិសនី ការប្រើប្រាស់ធ្យូងថ្ម ការប្រើប្រាស់ប្រភពកកើតឡើងវិញ និងការប្រើប្រាស់ប្រេងខ្មៅ ដើម្បីផ្គុំគ្នា សម្រាប់ទប់ទល់នៅរដូវប្រាំង ពិសេសគឺរក្សាស្ថិរភាពតម្លៃថាមពលអគ្គិសនី។
ប្រធានអគ្គិសនីកម្ពុជា រូបនេះបញ្ជាក់ថា អគ្គិសនីកម្ពុជា នៅតែបញ្ចុះតម្លៃធម្មតា និងបន្តផ្តល់ការអនុគ្រោះ ព្រោះថាប្រហែល៧០% បានទទួលការអនុគ្រោះពីរាជរដ្ឋាភិបាល គឺ៤៨០ ឬ ៦១០និង៧២០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ ហើយនៅឆ្នាំ២០១៨នេះ អាចនឹងបន្តចុះមកទៀត ទាំងលំនៅដ្ឋាន ក៏ដូចជាសហគ្រាស ផងដែរ៕