ភ្នំពេញ ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ខែមករាឆ្នាំ២០១៨នេះបានបញ្ចប់ការសាកសួរនគរបាលខណ្ឌពោធី៍សែនជ័យដែលផ្ទុះអាវុធពេលចុះបង្ក្រាបសង្វៀនជល់មាន់បណ្តាលឲ្យចំបុរសម្នាក់ស្លាប់។
មន្ដ្រីតុលាការ បានថ្លែងថា ព្រះរាជអាជ្ញា សៀង សុខ បានសម្រេចចោទប្រកាន់មន្ដ្រីនគរបាលរូបនេះ ពីបទ «មនុស្សឃាតដោយអចេតនា»តាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌហើយបទចោទប្រកាន់នេះអាចនឹងប្រឈមការជាប់ពន្ធនាគារពី១ឆ្នាំទៅ០៣ឆ្នាំនិងពិន័យជាប្រាក់ពី ២លានរៀលទៅ៦លានរៀល។
លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រាប់អោយដឹងថា ក្រោយពីបានពិនិត្យឯកសារសំណុំរឿងសាកសួរចម្លើយតាមនីតិវិធីនិងពិនិត្យភស្តុតាងតំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ មនុស្សឃាតដោយអចេតនា តាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅចំណុចក្រោយផ្សារកាណាស៊ីធីដីឡូត៌គ្មានលេខភូមិចោមចៅ២សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
គួររំលឹកផងដែរថាវមន្ត្រីនគរបាលរូបនេះ មានឈ្មោះ ចន វិរៈ មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី(ស័ក្តិ១) បម្រើផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ។នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ បានបញ្ជាយ៉ាងដាច់ណាត់ដល់ស្នងការនគរបាល រាជធានីភ្នំពេញ ឲ្យចាត់វិធានការដោយចាប់បញ្ជូនមន្ត្រីនគរបាលរូបនេះដែលមានការធ្វេសប្រហែសបាញ់បង្ក្រាបនៅសង្វៀនជល់មាន់មួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ តែបានបណ្តាលឲ្យត្រូវបុរសម្នាក់ស្លាប់ ខណៈកំពុងអើតពីលើបន្ទប់ជួលជាន់ទី៣មើលការចុះបង្ក្រាបនេះ។
បើទោះបីមន្ត្រីនគរបាលដែលបានបាញ់បានកើតឡើងនៅពេលចុះបង្ក្រាបបទល្មើសល្បែងស៊ីសងហើយទៅចំជនរងគ្រោះស្លូតត្រង់បណ្តាលឲ្យស្លាប់ដោយកំហុសអចេតនា យ៉ាងណាក៏ដោយ តែសម្រាប់ការអនុវត្ត ច្បាប់ត្រូវតែធ្វើឡើងដើម្បីជាការព្រមានក៏ដូចជាសារមួយប្រាប់ទៅគ្រប់សមត្ថកិច្ចផ្សេងទៀតថា នៅពេលចុះ បំពេញបេសកកម្មការងារនិងក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបបទល្មើសត្រូវប្រើប្រាស់កាំភ្លើងដោយមានប្រុងប្រយ័ត្ន មិនត្រូវធ្វេសប្រហែសនាំឲ្យរងគ្រោះថ្នាក់ដល់ជនស្លូតត្រង់នោះឡើយ ដូចករណីនេះជាឧទាហរណ៍ ស្រាប់៕