ភ្នំពេញ ៖ ជាយូរណាស់មកហើយ ផលិតផលឱសថមកពីប្រទេសបារាំង តែងតែមានការគាំទ្រពីសំណាក់ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិត ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ហើយវត្តមានឱសថរបស់បារាំងថ្មីៗតែងតែនាំចូលមកកាន់ទីផ្សារ ដើម្បីផ្គត់ផ្គង់នៅតាមឱសថស្ថាននានា ក្នុងព្រះរាជណាចក្រកម្ពុជា ជាក់ស្ដែង ក្រុមហ៊ុននាំចូល និងចែកចាយឱសថ អាលីយ៉ង់ហ្វាម៉ា ដែលមានឈ្មោះល្បីក្នុងវិស័យឱសថកម្ពុជា បាននាំចូលឱសថប្រភេទថ្មីៗបន្ថែមទៀតពីប្រទេសបារាំង មកកាន់កម្ពុជា និងបានដាក់បង្ហាញដល់ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យកម្ពុជាជាច្រើនផងដែរ ។
ថ្លែងនៅក្នុងកម្មវិធីបង្ហាញឱសថប្រភេទថ្មីៗពីប្រទេសបារាំង កាលពីល្ងាចថ្ងៃទី២៣ ខែ មករា ឆ្នាំ ២០១៨កន្លងទៅនេះ នៅសណ្ឋាគារភ្នំពេញ លោក ឆាយ គន្ធី អ្នកគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុន អាលីយ៉ង់ហ្វាម៉ាកាំបូដ បានអោយដឹងថា ផលិតផលដែលក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ និង រោងចក្រផលិតឱសថដ៏ធំមួយនៅបារាំងបានសហការនាំចូល និងចែកចាយនៅលើទីផ្សារកម្ពុជា គឺជាឱសថដែលមិនអាចខ្វះបានសម្រាប់ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិត ទូទៅ ជាពិសេសនោះគឺនៅតាមឱសថស្ថាន និងតាមមន្ទីរពេទ្យនានា ។
លោកបន្តថា ក្រុមហ៊ុនបារាំងដែលបានសហការជាមួយក្រុមហ៊ុនកម្ពុជា ក្នុងការនាំយកឱសថមកចរារណ៍នៅពេលនេះគឺមានប្រវត្តិផលិត និងចែកចាយឱសថអស់រយៈពេល២០ឆ្នាំមកហើយ នៅក្នុងទីផ្សារកម្ពុជា ហើយក្រុមហ៊ុននេះក៏មានឈ្មោះល្បីផងដែរលើវិស័យឱសថនៅក្នុងប្រទេសបារាំង ហើយពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមហ៊ុននេះក៏បានខិតខំកែច្នៃនូវអ្វីដែលល្អៗបន្ថែមទៀតសម្រាប់មកផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលផងដែរ ។
លោកជំទាវ ឆាយ ណយ អគ្គនាយិកា ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ ក៏បានអោយដឹងផងដែរថា ឱសថដែលក្រុមហ៊ុនទាំងពីរបានសហការជាមួយគ្នា នាំចូលនិងចែកចាយនៅក្នុងប្រទេសកម្ពុជា ជាឱសថដែលមានតម្លៃសមរម្យ តែមានគុណភាពក្នុងការព្យាបាល ព្រោះក្រុមហ៊ុនទាំងពីរបានគិតគូរនិងចង់សម្រួលដល់ជីវភាពប្រជាពលរដ្ឋអោយការចំណាយកាន់តែអស់តិច តែទទួលបានការព្យាបាលដែលមានប្រសិទ្ធិភាពខ្ពស់ ៕