កំពង់ឆ្នាំង ៖ មន្ត្រីកាំកុងត្រូលបានអះអាងថាៈ ស្ថានីយ៍ប្រេងឥន្ទនៈចំនួន១០កន្លែងក្នុងចំណោម ស្ថានីយ៍ប្រេងឥន្ទនៈ ១១កន្លែង ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានរកឃើញថា បានលួចបន្លំគុណភាព និង លក់មិនគ្រប់ លីត្រ ទៅអោយអតិថិជន ។ការអះអាងនេះ បន្ទាប់ពីមន្ត្រីកាំកុងត្រូល បានសហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត ដោយនាំយករថយន្តពិសោធន៍ចល័ត មកធ្វើការត្រួតពិនិត្យ ហើយរកឃើញនូវភាពមិនប្រក្រតីនេះកាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ។
លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ ដើម្បីធានាបានភាពត្រឹមត្រូវ ទាំងបរិមាណចំណុះលីត្រ និង ទាំងគុណភាព កម្លាំងសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានសហការជាមួយមន្ត្រីកាំកុងត្រូលខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត នាំយករថយន្តចល័តមន្ទីរពិសោធន៍ប្រេងឥន្ទនៈ ដោយធ្វើតេសលើប្រេងសាំង និងប្រេងម៉ាស៊ូត និងតាមស្ថានីយ៍ប្រេងឥន្ទនៈ ក្នុងខេត្តកំពង់ឆ្នាំង បានចំនួន១១ស្ថានីយ៍ មានស្ថានីយ៍តេលា ដេប៉ូតេលា សាវិម៉ិច និងតួតាល់ ក្នុងចំណោមស្ថានយ៍ប្រេងឥន្ទនៈទាំងនេះ មានចំនួន១០ ដែលរកឃើញថាៈ ម្ចាស់ស្ថានីយ៍ បានបន្លំគុណភាព (ដូចជាសាំងធម្មតាប្រាប់អតិថិជនថាៈ សាំងស៊ុបពែ) និងបរិមាណចំណុះលីត្រមិនគ្រប់ ក្នុង១០០លីត្រ លំអៀងពី៣លីត្រ រហូតដល់១០លីត្រ ។
លោកបានបញ្ជាក់ថាៈចំពោះស្ថានីយ៍មានភាពត្រឹមត្រូវ ទាំងគុណភាពនិងបរិមាណ មានតែ១ស្ថានីយ៍ប៉ុណ្ណោះ គឺស្ថានីយ៍ តូតាល់ ។លោកប្រធានសាខាបានអោយដឹងទៀតថាៈ ការចុះត្រួតពិនិត្យប្រេងលើកទី១នេះ គឺសមត្ថកិច្ចកាំកុងត្រូល គ្រាន់តែបានអោយម្ចាស់ស្ថានីយ៍កាំកុងត្រូល ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាព កេងបន្លំ អតិថិជន ហើយបើករណីមិនរៀងចាល ថ្ងៃក្រោយបើសមត្ថកិច្ចកាំកុងត្រូលរកឃើញ និងប្រឈមការផាកពិន័យ និងទទួលទោសតាមផ្លូវច្បាប់ជាធរមាន ។
ប្រជពលរដ្ឋក្នុងខេត្តរង់ចាំមើលថាៈ តើការប្រមានរបស់មន្ត្រីកាំកុងត្រូល នៅថ្ងៃនេះ ពិតជាធ្វើបានមែនដែរឬទេ បើថ្ងៃក្រោយម្ចាស់ស្ថានីយ៍ នៅតែកេងបន្លំទាំងបរិមាណ ទាំងគុណភាព ទៀតនោះ៕