ភ្នំពេញ ៖ ជារៀងរាល់រដូវវស្សា នៅក្នុងរាជធានីភ្នំពេញ តែងតែមានទឹកលិច ដែលបង្កមកពី កំណកដី និងសំណល់សម្រាម កកនៅក្នុងលូ និងប្រឡាយមេ ធ្វើឲ្យទឹកមិនអាចហូរចេញ
ពីផ្លូវនានាបានលឿន។ បញ្ហាស្ទះលូ និងប្រឡាយកើតឡើងញឹកញាប់នេះ ត្រូវបានអាជ្ញាធរ រាជធានីភ្នំពេញ បញ្ជាឲ្យគ្រប់ខណ្ឌ ត្រូវធ្វើយុទ្ធនាការ កាយលូនិងស្តារប្រឡាយតូច ធំ តាមខណ្ឌនីមួយៗ ឲ្យបានមុនរដូវវស្សា។ ហើយបញ្ជាឲ្យមានការរៀបចំអ្នករស់នៅលើ ប្រឡាយ ត្រូវមានលំនៅឆ្ងាយពីទឹកប្រឡាយ។
យុទ្ធនាការកាយប្រឡាយនិងលូ នៅក្នុងរដូវប្រាំង កំពុងអនុវត្តស្ទើរគ្រប់កន្លែង ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀម រំដោះទឹកភ្លៀងកុំឲ្យជន់លេចផ្លូវនានាក្នុងទីក្រុង។
លោក លឹម វ៉ាង ប្រធានសហគមន៍ស្ទឹងប្រាក់មានជ័យនិងសហគមន៍សាមគ្គីមានជ័យថ្មី បានថ្លែងថា កម្មវិធីស្តារប្រឡាយនៅក្នុងរាជធានីភ្នំពេញពេញ បានប៉ះពាល់សហគមន៍ចំនួន៨ ចាប់ពីស្ពានអាកាសស្ទឹងមានជ័យ ទៅដល់ប្រឡាយដើមស្លែង ដែលមានប្រវែង ១២៩២ម៉ែត្រ។
លោក លឹម វ៉ាង ឲ្យដឹងថា ការអនុវត្តកាយកំណកដី ពីប្រឡាយមេ និងលូជាច្រើន នៅក្នុងរាជធានីភ្នំពេញ កំពុងចាប់ផ្តើមនេះ អាជ្ញាធរក៏បានរៀបចំសណ្តាប់ធ្នាប់ អ្នករស់នៅលើទឹកប្រឡាយមេ និងប្រឡាយរង ចំនួន៨សហគមន៍ ដែលមានចំនួន៥៦២គ្រួសារ ឲ្យរស់នៅ មានរបៀបរៀបរយ ក្រោយប្រឡាយទាំងនោះ បានកាយរួច និងសង់ខ្នងទំនប់ រួចរាល់។
លោកថា ប្រឡាយកាយឲ្យបានជម្រៅ៣ម៉ែត្រ ឯខ្នងទំនប់វិញ សងមានទទឹង ៦ម៉ែត្រ។ ដីសល់ពីប្រឡាយ គឺមន្ត្រីសុរិយោដី បានវាស់ដីបែងចែកជាឡូតិ៍ជូនពលរដ្ឋក្រីក្រចំនួន៨សហគមន៍ មាន៥៦២គ្រួសារ ដែលការស្តាប្រឡាយប្រវែង ១២៩២ម៉ែត្រ បានប៉ះពាល់ដល់ផ្ទះសម្បែងរបស់គាត់ សង់នៅលើប្រឡាយនោះ ត្រូវបានសាលារាជធានីភ្នំពេញ ប្រមូលផ្តុំពួកគាត់ ឲ្យទៅរស់នៅមានសណ្តាប់ធ្នាប់វិញ តាមការរៀបចំរបស់មន្ត្រីសុរិយោដី។
កាលពីដើមខែធ្នូឆ្នាំ២០១៧កន្លងទៅ មន្ត្រីអង្គការ អង្គការJica និងមន្ត្រីមន្ទីរសាធារណៈការ រាជធានី ខេត្ត ប្រជុំគ្នាពីគម្រោង ការពារទឹកជំនន់ ដោយកែលម្អ ប្រឡាយនិងប្រព័ន្ធលូ សម្រាប់ការអភិវឌ្ឍ លក្ខខណ្ឌអនាម័យ និងជីវភាពរស់នៅរបស់ប្រជាជន។
ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ឯកឧត្តម សាំ ពិសិដ្ឋ មាន ប្រសាសន៍ថា ក្នុងរាជធានីភ្នំពេញ ១ថ្ងៃ មានសម្រាម ប្រមាណ២៥០០តោន។ នៅក្នុង រាជធានីភ្នំពេញនេះដែរ មានប្រជាពលរដ្ឋប្រមូលផ្តុំរស់នៅ ប្រមាណ៣លាននាក់។ ក្នុងម្នាក់ៗ បានបន្ទោរបង់ម្តង ក្នុង១ថ្ងៃ លាមកនោះបាន ហូរចូលទៅក្នុងបណ្តាញលូ និងប្រឡាយ ដែលនាំឲ្យមានកំណកដីនៅក្នុងនោះ។ បញ្ហានេះ ទើបធ្វើឲ្យរាជធានីភ្នំពេញ ចាំបាច់ត្រូវកាយប្រឡាយមេ ១ឆ្នាំ ២ទៅ៣ដង។ ឯកឧត្តម មានប្រសាសន៍បន្តថា អង្គការ ចៃកា(JICA) ផ្តល់ថវិកា៣៥លានដុល្លារ សម្រាប់អនុវត្តគម្រោង ការពារទឹកជំនន់ និងកែលម្អ ប្រព័ន្ធលូនិងប្រឡាយ មានរយៈពេល២ឆ្នាំ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ទៅ។ ឯកឧត្តមបន្ថែមថា រាជធានីភ្នំពេញ មានប្រឡាយសរុប ចំនួន៣៥ ក្នុងនោះប្រឡាយមេ ចំនួន១៧ និងប្រឡាយរងចំនួន១៨៕
កាយលូរំដោះទឹកលិចរដូវវស្សា និងរៀបចំការរស់នៅលើមាត់ប្រឡាយមេ