កម្ពុជា​ជា​ប្រទេស​ទី​៨៣​ដែល​ទទួល​ជំនួយ​ហិរញ្ញប្បទាន​ពី​មូលនិធិ​អារ៉ាប់​ប៊ី​សា​អូឌីត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2018 ក+ ក-

​ភ្នំពេញ ៖ មូលនិធិ​អារ៉ាប់​ប៊ី​សា​អូឌីត កំពុង​ពិនិត្យ​លើ​ការ​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​សម្រាប់ វិស័យ​មួយ ចំនួន​ដល់​ប្រទេស​កម្ពុជា ដែល​ធ្វើអោយ​កម្ពុជា​ក្លាយជា​ប្រទេស​គោលដៅ​លេខ​រៀង​ទី​៨៣ ក្នុង​បេសកកម្ម នៃ​ការ​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​របស់​មូលនិធិ​មួយ​នេះ ដោយ​ផ្តោតទៅលើ​ការកសាង​ហេ​ដ្ឋា រចនាសម្ព័ន្ធ​នានា ដូចជា​៖​ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន សំណង់​អគារ​ផ្សេងៗ និង​បរិក្ខា​ប្រើប្រាស់​ចាំបាច់​នានា​។ នេះ​បើ តាម​ការ​បញ្ជាក់ជូន​លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​លោក​យូ​សុះ អ៊ីប្រាហ៊ីម អាល់​ប៉ា​ស្សាម អគ្គនាយក មូលនិធិ​អារ៉ាប់​ប៊ី​សា​អូឌីត ក្នុងជំនួប​ពិ​ក្សា​ការងារ​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៥ ខែមករា​នេះ​។​

លោក យូ​សុះ អ៊ីប្រាហ៊ីម អាល់​ប៉ា​ស្សាម មានប្រសាសន៍ថា មូលនិធិ​អារ៉ាប់​ប៊ី​សា​អូឌីត បាន​បង្កើតឡើង កាលពី​ឆ្នាំ​១៩៧៤ និង​បាន​ដំណើរការ​ពេញលេញ​ក្នុង​ឆ្នាំ​១៩៧៥ ដែល​ផ្តើម​ដោយ​ថវិកា​ជំហាន​ដំបូង ប្រមាណ​៣១​ពាន់​លាន​រី​យ៉ា​ល ប្រមាណ​ជាង​៨​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក​ថា មូលនិធិ​មួយ​នេះ បង្កើតឡើង​ក្នុង​គោលបំណង​រួមចំណែក​ផ្តល់​ហិរញ្ញប្បទាន ទៅលើ​គម្រោង​អភិវឌ្ឍន៍​នៅតាម​បណ្តា ប្រទេស​កំពុងអភិវឌ្ឍន៍ តាមរយៈ​ជំនួយ​បច្ចេកទេស ដែល​មក​ដោយ​បច្ចុប្បន្ននេះ​មូលនិធិ​បានផ្តល់​ជំ​នួ យ​ហិរញ្ញប្បទាន​ទៅអោយ​ប្រទេស​ចំនួន​៨២​ប្រទេស​រួចហើយ​។ ចំណែក​ប្រទេស​កម្ពុជា​គឺជា​ប្រទេស គោលដៅ​ទី​៨៣ នៃ​ការ​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​នេះ​ក្នុង​អត្រា​ការប្រាក់​២%​។

​ប្រធាន​មូលនិធិ​អារ៉ាប់​ប៊ី​សា​អូឌីត​រូបនេះ​បាន​សម្តែង​ការ​កោត​ស​សើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ប្រកបដោយ​ថាមភាព រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ខ្ពស់ និង​អាច​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​បាន​យ៉ាង​ឆាប់រហ័ស​។​
​លោក អូស្មាន ហាស្សាន់ បាន​ថ្លែងអំណរគុណ​ចំពោះ​ការចាប់អារម្មណ៍ របស់​មូល​អារ៉ាប់​ប៊ី សា​អូឌីត​មកលើ​ប្រទេស​កម្ពុជា ក្នុងការ​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍន៍ ដែល​ធ្វើអោយ កម្ពុជា​ក្លាយជា​ប្រទេស​លេខ​រៀង​ទី ៨៣​ក្នុង​ការទទួល​ជំនួយ​នេះ​។​

សូម​ជម្រាបជូន​ថា​បណ្តា​ប្រទេស​អាស៊ាន​ចំនួន​៦ ទទួលបាន​នូវ​ជំនួយ​ហិរញ្ញប្បទាន ពី​មូល​អារ៉ាប់​ប៊ី​សា អូឌីត មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​៥៧៧​លាន​ដុល្លារ​អាមេរិក​រួមមាន​៖ ឥណ្ឌូនេស៊ី​ជាង​២៩៧​លាន​ដុល្លារ​,​វៀតណាម​ជាង​១១៣​លាន​ដុល្លារ​,​ម៉ាឡេស៊ី​ជាង​១០០​លាន​ដុល្លារ​,​ថៃ​ជាង​៤៦​លាន​ដុល្លារ​,​ហ្វីលីពីន​ជាង​២០​លាន​ដុល្លារ​,​និង​មី​យ៉ាន់​ម៉ា​ជាង​៨០​ម៉ឺន​ដុល្លារ​អាមេរិក​៕