ខឹង​ប្រពន្ធ​បន្ទោសរឿងផឹកស្រា ទាញ​ម៉ូតូ​ជិះ​ទៅ​ធ្លាក់ទឹក​ប្រឡាយ​លង់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 January, 2018 ក+ ក-

​បន្ទាយមានជ័យ ៖​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ នេះ ស្ថិត​ត្រង់ចំណុច​អូរ​ទឹក​មួយកន្លែង ក្នុងភូមិ​ប្ញ​ស្ស​ផី សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខណៈ​គេ​បានឃើញ​បុរស​ម្នា​ក់ដាំ​ក្បាល​ចូលក្នុង​ទឹក​ស្លាប់ រួមទាំង​ម៉ូតូ ១​គ្រឿង ។​
​ជនរងគ្រោះ​ដែល​ស្លាប់​ខាងលើ​មានឈ្មោះ ស្រឹម ស្រេង អាយុ ៣៣​ឆ្នាំ ជា​កម្មករសំណង់ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម និង​មាន​ប្រពន្ធ​ឈ្មោះ ឆោម សុខ​នី អាយុ ៣៤​ឆ្នាំ ទាំង ២​នាក់ មានកូន​ស្រី​១ កំពុង​រស់​នៅឯ​រាជធានី​ភ្នំពេញ ។​
​ពួកគេ​ទាំង ២​នាក់ ទើប​មកពី​រាជធានី​ភ្នំពេញ មក​ធ្វើជា​កម្មករសំណង់​នៅ​ក្រុង​ប៉ោយប៉ែត បាន​រយៈពេល ១០​ថ្ងៃ ប៉ុណ្ណោះ ។ លុះ​នៅវេលា​ម៉ោង ៨​យប់ ថ្ងៃទី​២៤ មករា ប្តី​ខ្លួន (​ជនរងគ្រោះ​ដែល​ស្លាប់​) បាន​ចេញទៅ​ផឹកស្រា​ជាមួយ​ក្រុមកម្មករ ក្រោយមក​ខ្លួន​បាន​ទៅ​តាមរក​ប្តី​ឃើញ​កំពុង​ហូប​ស្រា ក៏​ផ្ទុះ​កំហឹង និង​ទាញ​មែក​ប្ញ​ស្សី​វាយ​ទៅលើ​ប្តី បន្ទាប់មក​ប្តី​ខ្លួន​បាន​ងើប​ពី​កន្លែង​ផឹក​ទាញ​ម៉ូតូ​ជិះ​ចេញទៅ​ទាំង​កម្រោល ។​
​ស្ត្រី​ជា​ប្រពន្ធ​បន្តថា ខ្លួន​មិនបាន​ដឹង​ប្តី​ជិះ​ម៉ូតូ​ជួប​គ្រោះថ្នាក់​នោះទេ តែ​ភ្លាមៗ ខ្លួន​បាន​តាមរក​ប្តី​ដែរ តែ​រក​មិនឃើញ ។ លុះ​នៅវេលា​ម៉ោង ៥​ព្រឹក​នេះ មាន​គេ​ប្រទះឃើញ​សាកសព​មនុស្ស​នៅ​កន្លែងកើតហេតុ ទើប​ខ្លួន​រត់​មក​មើល ទើប​ដឹងថា អ្នកស្លាប់​ជា​ប្តី​របស់ខ្លួន​ទៅវិញ ៕ សុផល​