ប៉ៃលិន ៖ ពលរដ្ឋជាច្រើននាក់ បានលើកឡើងថា ក្នុងខេត្តប៉ៃលិន ស្ទើរតែជាប្រពៃណីទៅហើយ ដែលអ្នកស្រុកប៉ៃលិនមួយចំនួន ពេលមានពិធីបុណ្យទាន ឬរៀបចំការកូនរបស់ខ្លួនម្តងៗ តែងតែយកផ្លូវសាធារណៈសាងសង់រោងយ៉ាងរំភើយ ដោយអ្នកខ្លះសង់អស់១ចំហៀងផ្លូវ ខ្លះទៀតសង់បិទផ្លូវជិតឈឹងតែម្តង បណ្តាលឱ្យកកស្ទះចរាចរណ៍រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ គេសង្កេតឃើញមានការសាងសង់រោងមួយយ៉ាងធំ ស្ថិតក្នុងភូមិប៉ាហ៊ីត្បួង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលជារោងការកូនរបស់លោក នុត សោភារក្ស ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ដោយមានបណ្តោយជិត១០០ម៉ែត្រ ដែលសាងសង់បិទផ្លូវជិតអស់ មិនខ្វល់ពីការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋរស់នៅក្រុងប៉ៃលិន បាននិយាយរិះគន់ចំៗថា៖ ផ្លូវសាធារណៈសម្រាប់ឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើង ឬបើកបរម៉ូតូ ឬរថយន្តឆ្លងកាត់ ទៅមកដោយសេរី និងមិនរំខានពីបុគ្គលណាម្នាក់នោះ ត្រូវបានគេសង្កេតឃើញថា ក្រុមអ្នកមានលុយ មានអំណាច យកផ្លូវសាធារណៈ របស់រដ្ឋ សាងសង់រោងយ៉ាងរំភើយ ដោយមិនខ្វល់ពីការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ប្រភពព័ត៌មាន បានបន្តថា៖ ការសាងសង់រោងនេះដែរ តែងតែបំពានច្បាប់ចរាចរណ៍ ដោយសង់រោងបិទផ្លូវអស់មួយចំហៀង ឬបិទផ្លូវទាំងស្រុងក៏មានដែរ ដោយអ្នកខ្លះដាក់ស្លាកសញ្ញាចរាចរណ៍
ត្រឹមត្រូវ ហើយអ្នកខ្លះមិនមានដាក់អ្វីសម្គាល់នោះទេ ។ជាមួយគ្នានេះដែរ ប្រសិនបើអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញ នៅតែបណ្តែតបណ្តោយឱ្យគេសង់រោងការយ៉ាងអនាធិបតេយ្យបែបនេះទៀត នៅថ្ងៃណាមួយ នឹងមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាក់ជាមិនខាន ហើយតើអ្នកណាទទួលខុសត្រូវចំពោះការបាត់បង់អាយុជីវិតភ្ញៀង ដែលចូលរួមក្នុងពិធីនោះ? ម្យ៉ាងវិញទៀត ការសង់រោងការនៅលើផ្លូវសាធារណៈ នាំឱ្យបាត់បង់សោភ័ណភាព និងសណ្តាប់ធ្នាប់ផ្លូវសាធារណៈថែមទៀតផង ។
បើតាមប្រភពព័ត៌មាន ពីមន្ត្រីរាជក្នុងខេត្តប៉ៃលិនម្នាក់ សុំមិនបញ្ជេញឈ្មោះ បានលើកឡើងថា៖ រោងការ ដែលសង់បិទផ្លូវនេះ ជារោងការកូនលោក នុត សោភារក្ស ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថខេត្តប៉ៃលិន ដែលអញ្ជើញភ្ញៀវចូលរួមសុទ្ធតែមន្ត្រីរាជការ ដែលមានឋានៈ ដោយរៀបចំជាង១០០តុ ឯណ្ណោះ ។ ជាមួយការលើកឡើងខាងលើ ក៍មានការរិៈគន់ចំៗថា ធ្វើដល់ប្រធានមន្ទីរទៅហើយ រហូតស៊ីច្រើនតុទៀតនោះ មិនគួរមិនយល់ពីច្បាប់ទំលាប់នោះទេ ដូច្នោះគួរតែរកទីតាំងណាមួយសមរម្យ ដូចជានៅខេត្តប៉ៃលិន ទាំងមូលក៍ហាងធំៗ សម្រាប់រៀបចំកម្មវិធីដូចហ្នឹងដែរ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ថី អៀន នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន បានបញ្ចាក់យ៉ាងខ្លីដោយលោកជាប់ប្រជុំកាលពីវេលាម៉ោង១០និង០៥នាទីព្រឹកថ្ងៃទី២៦ ខែមករានេះថា៖ លោកមិនបានដឹងនោះទេ ហើយការសង់រោងបិទផ្លូវនេះគឺមិនបានសុំខាងសមត្ថកិច្ចប៉ុស្ត៍ដែរ ប្រហែលជាស្នើរសុំទៅខាងស្នងការដ្ឋានជាអ្នកចេញច្បាប់ ។
ចំណែកលោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្ត បានឱ្យដឹងតាមទូរស័ព្ទកាលពីវេលាម៉ោង១០និង៣៦នាទីព្រឹកថ្ងៃទី២៦ ខែមករានេះដែរថា៖ ការសង់រោងការខាងលើ គឺខាងលោកជាអ្នកអនុញ្ញាតអោយសង់ ហើយលោកក៏សូមឱ្យអ្នកធ្វើដំណើរលើផ្លូវមួយនេះ មេត្តាមានការយោគយល់ផង ព្រោះម្ចាស់កម្មវិធីអត់មានកន្លែងណាមួយសមរម្យសម្រាប់រៀបចំពិធីនេះទេ ។
ចំណែកលោក ហែម ឬទ្ធី នាយករដ្ឋបាលសាលាខេត្តប៉ៃលិន មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពី វេលាម៉ោង១១និង០៣នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះថា៖ករណីនេះវាដូចជាមិនអីនោះទេ ព្រោះមានមួយប្រលោះអាចបើកបរម៉ូតូបាន ហើយណាមួយអ្នកដំណើរអាចបើកបរតាមផ្លូវ ដែលនៅម្ខាងទៀតបានឲងដែរ ដូច្នោះសូមឲ្យការយោគយល់ផង៕