កំពង់ចាម ៖ សិស្ស ស្រីចំនួន២នាក់នៅសាលាបង្រៀន គ ថ្លង់ ខេត្តកំពង់ចាម បានជិះកង់ឌុបគ្នា ចេញពីសាលា ហើយមិនឃើញត្រទ្បប់ មកសាលាវិញ ធ្វើអោយគ្រូបង្រៀន របស់ពួកនាងមានការព្រួយបារម្មណ៍ បានមកប្តឹងសមត្ថកិច្ច នគរបាលជួយអន្តរាគមន៍។
ប៉ូលីសបានអោយដឹងថា ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥និង១០នាទីប៉ុស្តិនគរបាលរដ្ឋបាល វាលវង់ បានទទួលបណ្ដឹងពីឈ្មោះ ហឿន សុភា ភេទស្រីអាយុ ៣៥ឆ្នាំ មុខរបរ គ្រូបង្រៀននៅក្នុងសាលាគថ្លង់កំពង់ចាមមានទីលំនៅ ភូមិកោះរការក្នុង ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ប្តឹងថាមានករណីបាត់សិស្សស្រី ចំនួនពីរនាក់(គថ្លង់):
១ឈ្មោះ យ៉ុន ម្លិស អាយុ16ឆ្នាំ មានស្រុកកំណើតនៅ ភូមិត្រពាំងល្ពៅ ឃុំជ័យយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
២ឈ្មោះ ប៊ី ស្រីណាក់ អាយុ18ឆ្នាំ ស្រុកកំណើតនៅភូមិមេម៉ាំង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទាំងពីនាក់មកស្នាក់នៅក្នុងសាលាកុមារពិការភ្នែករឺគថ្លង់ ខេត្តកំពង់ចាម ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុង កំពង់ចាម ចេញទៅបាត់ដោយមិនដឹងពីមូលហេតុ កាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ននេះ មិនឃើញត្រឡប់មកវិញទេ។
ប៉ូលីស បានអោយដឹងថា តាមការស្រាវជ្រាវគឺ សិស្សស្រីទាំង២នាក់បាននាំគ្នាជិះកង់ចេញពីសាលា បង្រៀន គ ថ្លង់ ខេត្តកំពង់ចាម ទៅភ្នំពេញព្រោះ មានគេឃើញ ក្មេងស្រីទាំង២នាក់ ជិះកង់ឌុបគ្នា នៅតាមផ្លូវជាតិលេខ៧ ត្រង់ចំណុច ភូមិ ខ្វិតធំ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី ២៣ ខែមករាឆ្នាំ២០១៨។
ការស្រាវជ្រាវបន្ត បានអោយដឹងថា នៅពេលព្រលប់ថ្ងៃដដែល ក្មេងស្រីទាំង២នាក់បានទៅដល់ សាលា គ មួយកន្លែងនៅភ្នំពេញ ហើយចូលហូបបាយនៅទីនោះ។
បន្ទាប់មក ក្មេងស្រីទាំង២នាក់ខាងលើបាន ជិះ កង់ចេញពីទីនោះ ហើយប្រាប់អ្នកដាំបាយនៅ សាលា គថ្លង់់( តាមរយះកាយវិការ ជាភាសា គ) ថា ពួកនាងទៅជួបមិត្តភក្តិ នៅភ្នំពេញហើយទៅបាត់រហូត។
ប៉ូលីសបានអោយដឹងថា រហូតមកដល់ព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៨នេះ សមត្ថកិច្ចមិនទាន់រក សិស្សស្រីទាំង២នាក់ឃើញនៅទ្បើយទេ។