កំពត ៖ តាមការផែនការរបស់រាជរដ្ឋាភិបាល ខេត្តកំពត នឹងចាប់ផ្តើមសាងសង់កំពង់ផែទេសចរណ៍ថ្មីមួយ នាខែមីនាខាងមុខនេះ ដើម្បីតភ្ជាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ប្រមាណ១លាន៥សែននាក់ក្នុងមួយឆ្នាំ តាមរយៈនាវាល្បឿនលឿន និងនាវាទេសចរណ៍ខ្នាតធំ ។
កំពង់ផែទេសចរណ៍ថ្មីក្នុងខេត្តកំពត ដែលមានតម្លៃប្រមាណ១០លានដុល្លារអាមេរិក ស្ថិតក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងនឹងចាប់ផ្តើមបញ្ចុះបឋមសីលា សាងសង់ នាខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ។ កំពង់ផែទេសចរណ៍នេះ ស្ថិតនៅក្នុងភូមិជំគ្រាល ឃុំជំគ្រាល ស្រុកទឹកឈូ ខេត្តកំពត។ នេះបើតាមការបញ្ជាក់របស់ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត តាមរយៈសារព័ត៌មានក្នុងស្រុក នាពេលថ្មីៗនេះ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ក៏បានអោយដឹងដែរថា នៅពេលសាងសង់រួចរាល់តាមការគ្រោងទុកនាចុងឆ្នាំ២០១៩ កំពង់ផែទេសចរណ៌នេះ នឹងទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសនានាបន្ថែមទៀត ជាពិសេសពីប្រទេសវៀតណាម និងប្រទេសថៃ។ កំពង់ផែទេសចរណ៌នេះ ក៏ផ្តល់ភាពងាយស្រួលសម្រាប់អ្នកទេសចរណ៌ ដែលមានបំណងចង់បន្តដំណើរពីតំបន់មួយទៅតំបន់មួយទៀតដូចជា ពីខេត្តកំពត ទៅភ្នំបូកគោ ខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើម ។
ទន្ទឹមនេះ កំពង់ផែថ្មីនេះ ក៏ជាផ្នែកមួយដែលជួយស្រូបយកភ្ញៀវទេសចរអឺរ៉ុបកាន់តែច្រើនផងដែរ ព្រោះវាផ្ដល់នូវសេវាកម្មទេសចរណ៍ជាកញ្ចប់ ដែលនាំភ្ញៀវទេសចរពីខេត្តកំពត ទៅកាន់កោះ Phu Quoc (កោះត្រល់) ប្រទេសវៀតណាម និងដែនសមុទ្រប្រទេសថៃ ។ បើតាមឯ.ឧ. ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងនាពេលកន្លងមកថា កំពង់ផែទេសចរណ៍ខេត្តកំពតនេះ នឹងអាចឲ្យភ្ញៀវទេសចរឆ្លងកាត់បានចំនួន១លាន៥សែននាក់ក្នុង១ឆ្នាំ ។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧ ខេត្តកំពត បានទទួលភ្ញៀវទេសចរសរុប ជាង ១លាន៦សែននាក់ ក្នុងនោះ ភ្ញៀវទេសចរណ៌ជាតិមានជាង ១លាន៤សែន និងអ្នកទេសចរបរទេស ជាង១៦ម៉ឺននាក់ ។
ក្នុងចំណោមភ្ញៀវទេសចរជាង៧០ជាតិសាសន៍ដែលមានវត្តមានក្នុងខេត្ត ក្នុងឆ្នាំ២០១៧ គឺភ្ញៀវជនជាតិវៀតណាមស្ថិតក្នុងលំដាប់ទី១ ខណៈបារាំងលំដាប់ទី២, អង់គ្លេសលំដាប់ទី៣, អាល្លឺម៉ង់លំដាប់ទី៤ និងអាមេរិកលំដាប់ទី៥ ៕