ភ្នំពេញ ៖ ដើមឈើជាជីវិតរបស់មនុស្ស ដោយសារដើមឈើបានបញ្ចេញឧស្ម័នអុកស៊ីហ្សែនសម្រាប់មនុស្សជារៀងរាល់ថ្ងៃ ដូច្នេះហើយ ទើបរដ្ឋបាលររាជធានីភ្នំពេញ បានដាក់ចេញនូវគម្រោង ផែនការ ដើម្បីដាំដើមឈើអោយបានច្រើននៅក្នុងរាជធានីនាពេលខាងមុខ។
ដើម្បីអោយគម្រោងនេះ ទទួលបានផ្លែផ្កា កាលពីថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ស្ដីពី ការរៀបចំ Master Plan ដាំដើមឈើក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធក្រោមឱវាទជាច្រើនរូបទៀត។
ការដាំដើមឈើក្នុងទីក្រុង គឺជាការលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងផង និងជាការរួមចំណែកកាត់បន្ថយការបំពុលបរិស្ថានដែលកើតចេញពីយានជំនិះប្រចាំថ្ងៃផង ដូច្នេះទាំងការងារបច្ចេកទេស និងការដាំដើមឈើ ត្រូវដាំនៅតាមដងផ្លូវ នានាក្នុងរាជធានីភ្នំពេញ។
គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី២៩ធ្នូ ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំមួយ ជាមួយ មន្ត្រីជំនាញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឯកភាពឱ្យមានការដាំដើមឈើ ដើម្បីអោយក្លាយជាទីក្រុងមានពណ៏បៃតង ពិសេស ការដាំដើមឈើជាច្រើនប្រភេទ នៅតាមបណ្តោយផ្លូវR1 (ផ្លូវក្នុងតំបន់អភិវឌ្ឃបឹង កក់ ចាប់ពីផ្លូវសហព័ន្ធ រុស្សី ដល់ផ្លូវ៧០ទំនប់ទួលគោក) ហើយការ ងារនេះ ត្រូវបានឯកឧត្តម អភិបាលរាជធានីបានជម្រុញអោយក្រុម ហ៊ុនស៊ូកាគូអ៊ីន ដាំដើមឈើឱ្យបានរួចរាល់នៅក្នុងរដូវប្រាំងនេះ។
ពាក់ព័ន្ធនឹងការដាំកូនឈើនេះដែរ ក្នុងកិច្ខប្រជុំកាលពីពេលកន្លងទៅ ឯកឧត្តម ឃួង ស្រេង ក៏បានជម្រុញអោយមាន ការដាំព្រៃឈើលិចទឹក នៅបឹងតាមោគ ចំនួន៥០០ហិកតា
ដើម្បីរក្សាជាបឹងបៃតង និងកាត់បន្ថយជាតិពុលនៅក្នុងបឹង ហើយគម្រោងនេះ ជាជំហាន ដំបូង ត្រូវងដាំត្រឹមតែ១០០ហិកតាសិន ដែលគម្រោងនេះនឹងចាប់ផ្តើមក្នុងរដូវប្រាំងនេះ ហើយដើមឈើដែលគ្រោងនឹងយកមកដាំក្នុងទឹកនេះមានដូចជា ដើមឬស្សី ដើមប្រស់ ដើមរាំងទឹក ដើមថ្កូវ ដើមសណ្តាន់ជាដើម។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំកាលណោះ អភិបាលរាជធានីភ្នំពេញ បានជម្រុញអោយមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសខាង BAU (ការិយាល័យរៀបចំក្រុង) មន្ទីរកសិកម្មរាជធានី សិក្សាអោយបានច្បាស់លាស់ ជៀសវាងការយកដើមឈើ មកដាំក្នុងទឹកនេះ មិនទទួលបានផល ដោយហេតុថា ទឹកដែលត្រូវយកដើមឈើលិចទឹកមកដាំនេះ វាជាទឹកមានជាតិប្រៃ និងស្អុយ វាខុសពីទឹកធម្មជាតិ៕