ព្រះវិហារ ៖ យោងតាមលិខិតបញ្ឈប់របស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រុមហ៊ុនដួងស្រួច ដែលមានអាជ្ញាប័ណ្ឌសម្អាតដីសម្បទានសង្គមកិច្ចក្នុង ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានប្រមាណចំនួន១៥៤៥ហិកតានោះ ត្រូវបានចេញឲ្យបញ្ឈប់ជាផ្លូវការ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នេះ ហើយមូលហេតុដោយសារតែដីសម្បទានសង្គមកិច្ចនៅក្នុងក្រុម ហ៊ុននេះមិនមានសល់ឈើសម្រាប់អោយប្រមូលទៀតនោះទេ។
ជាក់ស្តែងលុះមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ មានសារព័ត៌មានក្នុងស្រុកមួយចំនួន បានសសេរថា ក្រុមហ៊ុនដួងស្រួច នេះ បានកាប់បំផ្លាញនិងដឹកជញ្ជូនឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃដោយមានការឃុបឃិតពីថ្នាក់តូចរហូត ដល់ថ្នាក់ខេត្ត។
តាមសេចក្តីរាយការណ៍ពីប្រជាសហគមន៍ព្រៃឈើថា ក្រុមហ៊ុន ដួងស្រួច នេះបានជ្រៀតជ្រែកចូលទៅ កាប់ឈើនៅក្នុងព្រៃសហគមន៍ និងព្រៃអភិរក្សហើយបានដឹកជញ្ជូនយកមកចូលក្រុមហ៊ុនដើម្បីយក លេសថាជាឈើស្របច្បាប់របស់ក្រុមហ៊ុនដែលបានសម្អាត តាមការពិតឈើទាំងនោះសុទ្ធតែជាឈើ ខុសច្បាប់ទាំងអស់ មូលហេតុនេះហើយទើបអាជ្ញាធរខេត្តព្រះវិហារដែលមាន លោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត បានចាត់ឲ្យមន្ត្រីជំនាញចុះទៅធ្វើការត្រួតពិនិត្យក្នុងដីសម្បទានសង្គមកិច្ចរបស់ ក្រុមហ៊ុន ដួងស្រួចនេះឃើញថា ក្រុមហ៊ុននេះពុំមានសេសសល់ឈើត្រូវប្រមូលទៀតនោះទេ ហើយដើម្បីការពារព្រៃសហគមន៍និងព្រៃអភិរក្សអោយនៅគង់វង់លោក អ៊ុន ចាន់ដា បានធ្វើលិខិត សំណើរទៅក្រសួង ហើយក្រសួងកសិកម្មក៏ចេញដើម្បីបញ្ឈប់សកម្មភាពសម្អាតដីព្រៃរបស់ក្រុមហ៊ុននេះតែម្តង៕