ភ្នំពេញ ៖ លោក សាន សុផាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅមិទាន់សម្រេចចេញដីកា ឃុំខ្លួន លោកផ្កាយ១យោធា ដែលត្រូវបានពលរដ្ឋប្តឹងពាក់ព័ន្ធករណីដកកាំភ្លើងដេញបាញ់ប៉ុនប៉ងសម្លាប់ជនរងគ្រោះដល់មុខផ្ទះ នៅឡើយទេ។ នេះបើយោងតាមការបញ្ជាក់របស់សមត្ថកិច្ចនៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ម្សិលមិញនេះ តែ.តុលាការនឹងចាត់ការបន្តនៅព្រឹកថ្ងៃទី២៧ មករា ទៀត ដើម្បីម្រេចថា តើត្រូវឃុំខ្លួនយោធាពាក់ផ្កាយម្នាក់នេះឬយ៉ាណានោះទេ ។
បញ្ជាក់ថា លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ សោ ហៀម ហៅលោកគ្រូ ហៀមភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមន្ត្រីយោធាបញ្ជាការកងទ័ពជើងគោកមានទីលំនៅភូមិព្រែកមហាទេព សង្កាត់ឯកភាពក្រុងបាត់ដំបង ខេត្តបាត់ដំបង ពីបទប៉ុនប៉ងឃាតកម្ម និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត បានប្រព្រឹត្តកាលពីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ ៤៦៩ ផ្លូវ២៤BT ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា ២៧មាត្រា១៩៩ និងមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ ថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០១៧ ជនត្រូវចោទឈ្មោះ សោ ហៀម ហៅលោកគ្រូហៀម បានទៅធាក់ទ្វារបងស័ង្កសី របស់ជនរងគ្រោះឈ្មោះ អ៊ុន វាសនា មានទីតាំងនៅផ្ទះលេខ៤៦៩ ផ្លូវ២៤BTភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅពេលនោះជនរងគ្រោះឈ្មោះ អ៊ុន វាសនា បានសួរនាំទៅជនសង្ស័យថា ហេតុអ្វីក៏មកធាក់ទ្វារបងផ្ទះខ្លួនស្រាប់តែជនត្រូវចោទឈ្មោះ សោ ហៀម ហៅលោកគ្រូ ហៀម ដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក បាញ់ផ្ញុចចូលប្រហោងទ្វារបងផ្ទះជនរងគ្រោះ បាញ់សំដៅទៅលើជនរងគ្រោះចំនួន២គ្រាប់ (ផ្ទុះ១គ្រាប់ មិនផ្ទុះ១គ្រាប់)។
ក្រោយមកជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ចឱ្យមកជួយអន្តរាគមន៍នៅពេលជនរងគ្រោះត្រលប់មកដល់ផ្ទះវិញ ស្រាប់តែជនសង្ស័យ ដកកាំភ្លើងបាញ់ទៅលើជនរងគ្រោះ ជាច្រើនគ្រាប់ទៀត តែសំណាងល្អកាំភ្លើងនោះមិនផ្ទុះ។
សូមបញ្ជាក់ថា ខណៈដែលត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការជនសង្ស័យបានហៅក្រុមអង្គរក្សមកការពារមួយក្រុមធំនិងជនត្រូវចោទបានប្រើទូរស័ព្ទដៃថតរូបក្រុមអ្នកសារព័ត៌មានថែមទៀតផងដោយសមត្ថកិច្ចមិនបានដាក់ខ្នោះជនសង្ស័យដទៃទៀតនោះទេ។
ក្រៅពីសកម្មភាពបែបនេះជនត្រូវចោទបានប្រើពាក្យសំដីគំរាមកំហែងក្រុមអ្នកកាសែតថា លោកបានប្រាប់ថ្នាក់លើអស់ហើយ ចឹងអ្នកកាសែតតូចតាចចង់ថតអីថតទៅនិយាយតែជាមួយថ្នាក់លើ គឺចប់ហើយ៕