តុលាការ​បង្គាប់​ឃុំខ្លួន​ស្ត្រី​ចាក់​សម្លាប់​បុរស​ភ្នាក់ងារ​សារពត៌មាន​ក្នុងផ្ទះ​សំណាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 January, 2018 ក+ ក-

​កណ្តាល ៖ ស្ត្រី​ដៃដល់​ជា​ឃាតករ​ចាក់​សម្លាប់​បុរស​សារព័ត៌មាន “​សម្លេង​ប្រជាជន​” និង​ស្ត្រី​ជើង​ខ្លាំង​ល្បីល្បាញ​ខាង​ទិញ​ម៉ូតូ​ពីបទ​ល្មើស​គ្រប់​ខេត្ត ត្រូវបាន​ព្រះរាជអាជ្ញារង​ខេត្តកណ្តាល លោក ឯក ស៊ុន​រស្មី ចេញ​ដីកា​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅក្នុង​ពន្ធនាគារ នារ​ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ នេះ​។​អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល លោក ទិន សុចិ​ត្រា​បានឱ្យដឹងថា ស្ត្រី​ជា​ឃាតក​ត្រូវបាន​ចោទប្រកាន់​ពីបទ “​ឃាតកម្ម​គិតទុក​ជាមុន​” អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​អស់​មួយជីវិត តាម មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ ។ រីឯ​ស្ត្រី​ដែល​ទទួល​ទិញ​ម៉ូតូ​ក្នុង​អំពើ​ឃាតកម្ម​នោះ អាច​ប្រឈម​ជាប់ពន្ធនាគារ​ពី ២​ទៅ​៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី ៤​លាន ទៅ​១០​លាន​រៀល តាម​មាត្រា ៤០០ នៃ​ក្រមព្រហ្មទណ្ឌ ។

​គួរ​បញ្ជាក់ថា ករណី​ចាក់​សម្លាប់​ប្លន់​យក​ម៉ូតូ និង​ទ្រព្យសម្បត្តិ​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​បានកើត​ឡើង​កាលពី​ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០១៨ ដែល​មូលហេតុ ដោយសារ​ស្ត្រី​ឃាតករ ត្រូវការ​លុយ​ចំនួន​២៥០០​ដុល្លារ ដើម្បី​រត់ការ​ដោះ​ប្តី​របស់គេ​ចេញពី​គុក ។ ស្ត្រី​ដៃដល់​បាន​ចាក់​បុរសរងគ្រោះ​ចំនួន​១៧​កាំបិត បណ្តាលឱ្យ​ស្លាប់​យ៉ាង​អាណោច​អធម្ម ហើយក៏​ប្រមូល​ទ្រព្យសម្បត្តិ និង​ម៉ូតូ​ជិះ​គិចខ្លួនបាត់ ។ ស្ត្រី​ជា​ឃាតករ​ដៃដល់​ឈ្មោះ ផេង ណាន ហៅ ណា អាយុ​៣៣​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ នៅ​ភូមិ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​នារី​ម៉ាស្សា ។ ចំណែក​បុរសរងគ្រោះ​ឈ្មោះ នួន សុភាព (​នួន ភាព​) ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​បើកហាង​ម៉ាស្សា និង​ជា​អ្នក​សារ ព័ត៌មាន​សម្លេង​ប្រជាជន បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្រែអំពិល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី ភ្នំពេញ ។ ម៉ូតូ​បាត់បង់​ម៉ាក​Honda Dream C125 ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​1GG-7785 ។​

​ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ឃាត់ខ្លួន​ជនដៃដល់​ធ្វើការ​សាកសួរ​ទើប​ដឹងថា ម៉ូតូ​ដែល​គេ​ប្លន់​យកទៅ​នោះ គេ​យកទៅលក់​ឲ្យ​ហាង​ទិញ​លក់​ម៉ូតូ សុខ ឃីម ទិញ​លក់​ម៉ូតូ​គ្រប់​ប្រភេទ នៅក្នុង​ភូមិគ្រឹះ សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​សហការ​ជាមួយ​នគរបាល​ស្រុក​អង្គស្នួល និង​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ចុះទៅ​ត្រួតពិនិត្យ រកឃើញ​ម៉ូតូ​មិន​ប្រក្រតី​មួយចំនួន ប៉ុន្តែ​ម៉ូតូ​ជនរងគ្រោះ​ខាងលើ​បាន​លក់​ទៅ​ឲ្យ​អ្នកទិញ​ជិះ​នៅ​ខេត្តកំពង់ចាម​បាត់​ហើយ​ក្នុងតម្លៃ​១៦៩០ ដុល្លារ រួច​កម្លាំង​ក៏បាន​ឃាត់ខ្លួន​ឈ្មោះ សុខ​ឃីម ជា​អ្នកទទួល​ទិញ​ម៉ូតូ​នោះ​តែម្តងទៅ ៕