ព្រះសីហនុ៖ នៅល្ងាចថ្ងៃទី២៦ មករា ២០១៨ កម្មកររោងចក្រ ញូស្តារ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បាននាំគ្នាបិទផ្លូវជាតិលេខ៤ ខាងមុខរោងចក្រនោះ ។
ឮតាមប្រភព ព័ត៌មាន ពីកម្មករ កម្មការីនី និង និយោជិកជាច្រើន នាក់បានអោយដឹងថាៈ ពួកគាត់មានការមិនពេញចិត្តចំពោះថៅកែរោងចក្រ ដែលតម្រូវឱ្យពួកគាត់ធ្វើការថែមម៉ោងនៅថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ខាងមុខ ។
ប្រភពដដែលបានបន្តថាៈ ជាទូទៅ ការថែមម៉ោងជាគោលការណ៍ ស្ម័គចិត្ត មិនអាចបង្ខំកម្មករកម្មការីនីឡើយ ។ ហើយបញ្ហាផ្ទុះឡើងនេះ ទំនងជាបណ្ដាលមកពីថៅកែរោងចក្រពុំទាន់បានផ្ដាច់កិច្ចសន្យាថែមលុយ៥%ជូនកម្មករ ទើបមានការតវ៉ាយ៉ាងនេះ ។ នេះបើតាមការឱ្យដឹងពី លោក អាន រ៉ាម៉ា ប្រធានសហជីពកម្មករ ស៊ីកាឌូ ប្រចាំខែត្រព្រះសីហនុ ។
លុះមកដល់ព្រឹកថ្ងៃទី២៧ ខែ មករា ឆ្នាំ២០១៨ ក្រុមគណៈកម្មការ ខេត្តព្រះសីហនុ ដឹកនាំដោយ លោក ឯម ភាពនាយករដ្ឋបាលខេត្ត តំណាងអោយ ឯកឧត្តម យន្ត មីន អភិបាល ខេត្តព្រះសីហនុ បានចុះទៅធ្វើការសម្របសម្រួលបញ្ចប់បញ្ហា រវាងភាគី តំណាងក្រុមហ៊ុន រោងចក្រ ញូស្តា ខូអិលធីឌី និង តំណាងកម្មកររោងចក្រខាងលើ បានព្រមព្រៀងគ្នា ធ្វើកិច្ចសន្យា ខាងតំណាង ក្រុមហ៊ុន រោងចក្រ ញូស្តា ខូអិលធីឌី ព្រមដោះស្រាយ ទូទាត់ប្រាក់បំណាច់៥%ជូនកម្មករនិយោជិក ក្នុងឆ្នាំ២០១៧ នៅថ្ងៃទី១ ខែ មីនា ឆ្នាំ ២០១៨ខាងមុខនេះ។
ដោយឡែក ប្រាក់បំណាច់៥%ក្នុង ឆ្នាំ២០១៦ ឆ្នាំ២០១៥ រឺ ឆ្នាំថយក្រោយស្របតាមអតីតភាពការងារ និងទូទាត់ក្រោមកិច្ចពិភាក្សារវាងតំណាងក្រុមហ៊ុនរោងចក្រនិងតំណាងកម្មករនិយោជិក។
គួរបញ្ជាក់ថា កម្មករដែលចូលរួមបិទផ្លូវតវ៉ានេះ មានប្រមាណ១០ទៅ២០ភាគរយ អាចស្មើនឹង២០០ទៅ៣០០នាក់ក្នុងចំណោមកម្មករកម្មការីនីចំនួនជាង៤,០០០នាក់ ។កម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នចុះធ្វើអន្តរាគមន៍ក្នុងការបិទផ្លូវនេះ ពុំបានប៉ះពាល់ដល់ក្រុមកម្មករទាំងនោះឡើយ ហើយការបិទផ្លូវត្រូវបានចំណាយពេលអស់ជិត៣ ម៉ោង គឺចាប់ពីម៉ោង៥និង៤៥នាទី រហូតដល់ម៉ោង៧និង២៥នាទី នាល្ងាច ថ្ងៃដដែល ទើបក្រុមកម្មករទាំងនោះព្រមបើកផ្លូវអោយរថយន្តធ្វើដំណើរឆ្លងកាត់ជាប្រក្រតីឡើងវិញ បាន ៕