លោក វង សូត បដិសេធ​ចំពោះ​មតិ​លើកឡើងថា ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​រឿង​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 January, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ចំពោះមុខ​សមាជិក​ក្រុមប្រឹក្សាឃុំ​ចំនួន ២៦០​នាក់ ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ស្រុក​កំចាយមារ ខេត្តព្រៃវែង​ក្នុង​ពិធី​សំណេះសំណាល នា​ព្រឹក​ថ្ងៃទី​២៧ មករា នៅ​ទី​ស្នាក់ ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ពញាក្រែក លោក វង សូត ប្រធាន​ក្រុមការងារ​ថ្នាក់ កណ្តាល​ជួយ​ស្រុក​ពញាក្រែក បាន​បដិសេធ​ចំពោះ​ការលើកឡើង​របស់​ក្រុម​ជន​មួយចំនួន​ថា ការរំលាយចោល​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​តុលាការ​កំពូល​កាលពី​ចុងឆ្នាំ​២០១៧​កន្លងទៅ នេះ​ថា​ជា​អំពើ​ខុសច្បាប់​។​

បើតាម​លោក វង សូត ថា​ជា​ការពិត​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែនជា​អំពើ​ខុសច្បាប់​ឡើយ ពោលគឺ​យើង​ធ្វើ​អ្វីៗ​ដោយ​គោរព​ទៅតាម​ច្បាប់​ដើម្បី​ការការពារ​សន្តិភាព ការពារ​សេចក្តីសុខសាន្ត​ជូន​ប្រជាពលរដ្ឋ ដែល​ការរំលាយ​គណបក្ស​មួយ​នេះ​គឺ​យើង​មាន ភស្តុតាង​ច្បាស់លាស់​ថា​មេបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា បាន​ប្រព្រឹត្ត​នូវ​អំពើ​ក្បត់ជាតិ ដោយ​ទៅ​ឃុបឃិត ផ្សំគំនិត​ជាមួយ​បរទេស មាន​ចេតនា​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោមរូបភាព​ការធ្វើ​បដិវត្តន៍​ពណ៌ ដែល​អំពើ​នេះ​គឺជា​អំពើ​ក្បត់ជាតិ ជា​ភស្តុតាង​ជាក់ស្តែង និង មិនអាច​ប្រកែក​បានឡើយ​។​

ក្នុងឱកាស​នេះ​លោក វង សូត បាន​ជម្រុញ​អោយ​មន្ត្រី​គណបក្ស​ប្រជាជន​ទាំងអស់ ជាពិសេស​សមាជិក​ក្រុមប្រឹក្សាឃុំ ដែលជា​អង្គ​បោះឆ្នោត​ត្រូវ​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ នា​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ និង ត្រូវខិតខំ​ក្នុង​ការងារ​កសាង​សមាជិក​បក្ស ការធ្វើ​អំពើ​ល្អជា​មួយ​ប្រជាពលរដ្ឋ ដើម្បី​ដណ្តើម ប្រៀប​ឈ្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

ជាថ្មី​ម្តងទៀត​លោក វង សូត បាន​គូសបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​អាច​រស់​ឡើងវិញ​បានឡើយ​៕