ភ្នំពេញ ៖ ការដ្ឋានស្ថាបនាប្រឡាយ ស្ទឹងមានជ័យ ជំហានទី១ បានដំណើរដោយរលូនតាមគម្រោងផែនការ ដែលមកដល់ពេលនេះបាន រដ្ឋបាលរាជធានីភ្នំពេញគ្រោង នឹងចាក់ដីបំពេញប្រមាណជិត២០ម៉ឺនម៉ែត្រគូប ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។ មន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអោយដឹងដូច្នេះ ខណៈដែល លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលការដ្ឋាននេះ កាលពីរសៀលថ្ងៃទី២៧មករានេះ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យនេះ យើងនឹងចាក់ដីបំពេញ ចំនួន១៧ម៉ឺនម៉ែត្រគូប ហើយមកដល់ពេលនេះ យើងចាក់ដីបាន៧៥០០០ម៉ែត្រគូបហើយ ក្រោយពីប្រជាពលរដ្ឋជាង១០០គ្រួសារបានស្ម័ក្រចិត្តរុះរើផ្ទះចេញពីខ្នងប្រឡាយកាលពីប៉ុន្មានខែមុននេះ។ សម្រាប់ សំរាមវិញ យើងបានកើបចេញពីក្នុងប្រឡាយប្រមាណជា៤៣០០០ម៉ែត្រគុប។
ក្នុងឱកាស នៃការចុះពិនិត្យមើលការដ្ឋាននេះ ឯកឧត្តម ឃួង ស្រេង បានណែនាំមន្ត្រីជំនាញអនុវត្តការងារនេះ អោយបានលឿន ដើម្បីបន្តការដ្ឋានមួយជំហានទៀត។ ក្រៅពីនេះលោក អភិបាល ក៏បានអរគុណចំពោះប្រជាជន ដែលចូលរួមសហការជាមួយ រដ្ឋបាលរាជធានី។ ឯកឧត្តមថា ទីនេះនឹងមានរោងការ ដូចផ្លូវតំបន់ទួលគោកកាលពីទស្សវត្តទី៩០ដែរ។
ប្រជាពលរដ្ឋពីកាលពីមុនមិនសូវជឿជាក់ មកលើអាជ្ញាធរ ជុំវិញការបើកការដ្ឋាន ធ្វើប្រឡាយនិងផ្តល់ដីជូនប្រជាពលរដ្ឋទេ តែពេលនេះពួកគាត់ជឿជាក់ ហើយនឹងបន្តសហការជាមួយអាជ្ញាធររាជធានីភ្នំពេញយ៉ាងខ្លាំក្លាទៀតផង។
គួរបញ្ជាក់ថា ប្រឡាយស្ទឹងមានជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការអភិវឌ្ឍនេះមានប្រវែង១៣៥០ម៉ែត្រ ដោយឆ្លងកាត់ខណ្ឌចំនួន២ នោះគឺ ខណ្ឌមានជ័យ និងខណ្ឌ សែនសុខ ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់ ចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះ នឹងទទួលបានដីទំហំ ៤គុណនិង៦ម៉ែត្រ ជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែង។
ប្រឡាយស្ទឹងមានជ័យនឹងត្រូវសាងសង់ឡើង ដោយបុកស៊ីផាយដូចនៅប្រឡាយបាក់ទូកដែរ ដោយត្រូវធ្វើផ្លូវ៦ម៉ែត្រ ជាប្រភេទផ្លូវបេតុង រៀបចំតបណ្តាញទឹក ភ្លើងអគ្គីសនី ចូលផ្ទះប្រជាពលរដ្ឋ ដាក់បង្កោលភ្លើងសាធារណៈ នៅលើផ្លូវនេះថែមទៀត ។ ប្រឡាយស្ទឹងមានជ័យនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្វើម២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕