កម្ពុជា អំពាវនាវ​ឱ្យ​អាមេរិក​លុបចោល​ការ​រឹតបន្តឹង​ទិដ្ឋាការ​លើ​មន្ត្រីការទូត​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 January, 2018 ក+ ក-

​ភ្នំពេញ ៖ ជាថ្មី​ម្តងទៀត ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក​លុបចោល​ការ​រឹតបន្តឹង​ទិដ្ឋាការ​របស់​មន្ត្រីការទូត​កម្ពុជា និង​ក្រុមគ្រួសារ ដើម្បី​ជាការ​ត្រួស​ត្រាយផ្លូវ​ជាថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា សហរដ្ឋអាមេរិក​ឡើង​វិញ​។

​សូម​រំឭកថា ការដាក់កំហិត​លើ​ទិដ្ឋាការ​ ដែល​សហរដ្ឋអាមេរិក​បានចាប់ផ្តើម​កាលពី​អំឡុង​ខែធ្នូ ចុងឆ្នាំ​២០១៧ កន្លងទៅ​ មកលើ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា ​ធ្វើឡើងក្រោម​មូលហេតុ​«​ការពន្យារពេល​នៃ​ដំណើរការ​ទទួលយក​» ជាការ​សម្រេច​ដែល​គ្មាន​ហេតុផល ត្រឹមត្រូវ អយុត្តិធម៌ ហើយ​ផ្ទុយទៅនឹង​ច្បាប់​របស់​អាមេរិក​ខ្លួនឯង និង​ចោទថា ជាប់​ពាក់ព័ន្ធ​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

សូមបញ្ជាក់ថា កាលពី​អំឡុង​ខែធ្នូ ចុងឆ្នាំ​២០១៧ ក្រសួងការបរទេស​អា​មេ​រិ​ក បានសម្រេច​ចាត់វិធានការ រឹតបន្តឹង​ទិដ្ឋាការ​ជា​ផ្លូវការ ចំពោះ​មន្ត្រី និង​គ្រួសារ​រដ្ឋាភិបាល​កម្ពុជា ដែល​ប្រទេស​មហាអំណាច​នេះ ចោទថា ជាប់​ពាក់ព័ន្ធ​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ឆ្លើយតប​នឹង​ទង្វើ​របស់​សហរដ្ឋអាមេរិក​នាពេលនោះ រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា ជាការ​ប្រើ​សិទ្ធិអំណាច​ជា​ប្រទេស​មហាអំណាច ធ្វើបាប​មកលើ​ប្រទេស​តូចតាច ដោយ​បកស្រាយ​ថា កម្ពុជា​អនុវត្ត​ទៅតាម​ច្បាប់រដ្ឋធម្មនុញ្ញ របស់​កម្ពុជា​លើ​ជន​ណា​ដែល​ប្រព្រឹត្ត​ទោសកំហុស និងបានចាត់ទុក​អ្នក​ដែល​ការពារ​ជន​ប្រព្រឹត្ត​បទល្មើស គឺជា​អ្នក​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​៕