កំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៌មានមន្ត្រីយោធាម្នាក់បានរងរបួស ហើយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋបានរងការខូចខាតបែកបាក់ខណៈដែល នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយយ៉ាងខ្លាំង បានកើតឡើងនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយសារការផ្ទុះគ្រាប់ រំសេវចេញពីឃ្លាំងស្តុកមួយកន្លែង ដែលជាមូលដ្ឋានរបស់កងយោធពលខេមរភូមិន្ទ បណ្តាលឲ្យប៉ើងទៅបុកចំផ្ទះប្រជាពលរដ្ឋ ចំងាយប្រមាណ២ ទៅ៣គីឡូម៉ែត្រ រហូតបាក់ពិដានសង្កត់ម្ចាស់ផ្ទះ ដែលជាមន្ត្រីយោធារងរបួសទៀតផងដែរ។
បើតាមសមត្ថកិច្ចដែលចូលទៅកន្លែងកើតហេតុ បាននិយាយអោយដឹងថា ឃ្លាំងនេះគឺសម្រាប់ស្តុកគ្រាប់ រំសេវ ហើយប្រហែលមានការខុសបច្ចេកទេស ទើបមានការផ្ទុះបែបនេះ រហូតប៉ើងទៅប៉ះផ្ទះរបស់ប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតទៀតផងដែរ។ ករណីនេះ ក៏បានបណ្តាលឲ្យមន្ត្រីយោធាម្នាក់ ឈ្មោះ រិទ្ធ អាយុជាង៣០ឆ្នាំ បានរងរបួសផងដែរ ដោយសារពិដានផ្ទះបាក់ធ្លាក់សង្កត់ពេលគ្រាប់កំពុងផ្ទុះរញ្ជួយដី។
នគរបាលដដែល ក៏បានឲ្យដឹងផងដែរថា ពេលនោះកម្លាំងអាវុធហត្ថ និងអធិការនគរបាលស្រុក កំពុងស្ថិតនៅទីតាំងនោះ ហើយឲកម្លាំងមិនអាចចូលទៅក្នុងមូលដ្ឋាននេះបានទេ ខ្លាចរំសេវអាចនឹងបន្តផ្ទុះទៀត។
រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានណាច្បាស់ដឹងថា ទំហំនៅការផ្ទុះនោះមកពីអ្វីហើយរងការខូចខាតដោយអ្វីខ្លះនោះទេ ដោយសារតែជាកន្លែងរបស់កងទ័ពមិនអាចអោយក្រុមអ្នកព័ត៌មានចូលយកព័ត៌មានបានឡើយ។
បើតាមសម្តីរបស់ប្រជាពលរដ្ឋបានបង្ហើបអោយដឹងថាសង្ស័យមកពីអ្នកយាមកាមមិននៅកន្លែង ឬការទុកដាកខុសបច្ចេកទេសអ្វីមួយទើបមានការផ្ទុះបែបនេះនោះ៕