ភ្នំពេញ ៖ ស្ពានថ្មីមួយបានចាប់ផ្តើមដំណើរការសាងសង់ ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្ពោះទៅកាន់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយឆ្លងកាត់ទន្លេមេគង្គ។ នេះបើយោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន។
សូមបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប៥គីឡូម៉ែត្រ ដែលតួស្ពានប្រវែង ១.១៣១ម៉ែត្រ ទទឹង១៣,៥ម៉ែត្រ និងផ្លូវតភ្ជាប់ ប្រវែង៣.៨៦៩ម៉ែត្រ ដែលសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការសាងសង់ជាផ្លូវការ នៅថ្ងៃទី៩ កម្ភៈ ខាងមុខនេះ។
គួររំលឹកថា នេះជាស្ពានទី២ហើយ បន្ទាប់ពីស្ពានគីហ្ស៊ុណា ដែលឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ខេត្តត្បូងឃ្មុំ-កំពង់ចាម ដើម្បីសម្រួលការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋខេត្តទាំង២ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលធ្វើដំណើរឆ្លងកាត់ខេត្តទាំង២នេះ ដោយពីមុនត្រូវឆ្លងដោយសាឡង់ ប៉ុន្តែនាពេលខ្លីខាងមុខនេះ បងប្អូនអ្នកដំណើរទាំងអស់ នឹងងាយស្រួលក្នុងការធ្វើដំណើរ ទៅមកចំណេញទាំងថវិកា ពេលវេលា ក៏ដូចជាសុវត្ថិភាព។
នៅពេលសាងសង់រួច ការឆ្លងទន្លេទៅមកស្រុកទាំង២ នៃខេត្តទាំង២ ពិសេសឆ្លងពីកំពង់ចាមទៅត្បូងឃ្មុំ និងបន្តដំណើរទៅកាន់ខេត្តក្រចេះ ស្ទឹងត្រែង កាន់តែងាយស្រួល និងរហ័សជាងមុន ដែលនេះស្ថិតក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ ត្រួសត្រាយប្រទេសពីបាតដៃទទេ រហូតសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ ជាពិសេសវិស័យសាធារណៈការ និងដឹកជញ្ជូននេះ ដែលសម្តេចតែងគិតគូរ យកចិត្តទុកដាក់ដោយលើកឡើងថា «មានផ្លូវ មានស្ពាន គឺមានក្តីសង្ឃឹម»៕