ព្រៃវែង ៖ តូបលក់ដូរអីវ៉ាន់ចាប់ហ៊ួយរបស់អាជីវករនៅក្នុងផ្សារកំពង់អំពិល ស្ថិតក្នុងភូមិកំពង់អំពិល ឃុំកំពង់អំពិលស្រុកពារាង ខេត្តព្រៃវែង ដែលបានសាងសង់លយចូលមកប៉ះពាល់លើផ្លូវសាធារណៈត្រូវបានអាជ្ញាធរស្រុកតម្រូវឲ្យរុះរើចេញ បន្ទាប់ពីមានអាជីវករក្នុងផ្សារប្រមាណជាង៤០នាក់បាននាំគ្នាផ្តិតមេដៃលើពាក្យបណ្ដឹងមកសាលាស្រុកកាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០១៨ នេះ។
អាជ្ញាធរបានបញ្ជាក់ថា ក្នុងបណ្ដឹងនោះគឺក្រុមអាជីវករប្រមាណជាង៤០នាក់បានស្នើសុំឲ្យលោកអភិបាលស្រុកជួយបើកផ្លូវចាស់ឡើងវិញ ក្រោយពីមានអាជីវករ២នាក់ទី១ឈ្មោះ ថាច ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ដែលបានសង់ពង្រីកតូបរំលោភចូលមកលើដីចំណីផ្លូវសាធារណៈឈាងខាងកើតផ្សារបិទជិតផ្លូវតែម្តង.និងទី២ឈ្មោះ ចែ.ពួយ ក៍បានសាងសង់ពង្រីកតូបលយចូលមកលើផ្លូវឈាងខាងលិចជិតដែរ។
តាមពាក្យបណ្តឹងបញ្ជាក់ថា ផ្លូវនេះគឺជាផ្លូវសាធារណៈកើតមានតាំងពីដូនតាម្ល៉េះដែលមានទំហំទទឹងប្រហែលជាង១ម៉ែត្រសម្រាប់ប្រជាពលរដ្ធ ឬមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ធ្វើដំណើរដោយថ្មើរជើង ឬកង់ម៉ូតូទៅមកចូលផ្សារទិញម្ហូបអាហារទំនិញអីវ៉ាន់ផ្សេងៗប្រចាំថ្ងៃ។តែត្រូវបានអាជីវករទាំង២នាក់នោះគាត់សង់របងជញ្ជាំងដែក និងថ្មបិទជិតផ្លូវរយៈពេល២ទៅ៣ឆ្នាំ ហើយបង្កការលំបាកដល់អ្នកធ្វើដំណើរគ្មានផ្លូវដើរដែលត្រូវវាងដើរទៅតាមផ្លូវវាងផ្សេងគឺវាឆ្ងាយ។ព្រោះតែបែបនេះទើបពលរដ្ឋ និងអាជីវករប្រមាណជាង៤០នាក់ នាំគ្នាប្រតិកម្មផ្ដិតមេដៃប្ដឹងមកសាលាស្រុកពារាំង សូមឲ្យអាជ្ញាធរជួយរកយុត្តិធម៌បើកផ្លូវនេះឡើងវិញ ព្រោះកន្លងមក
មុនពេលដាក់ពាក្យប្តឹងពួកគាត់ក៍ធ្លាប់បានប្រាប់ទៅឈ្មោះថាច ថាកុំឲ្យធ្វើតូបពង្រីកបិទផ្លូវអញ្ចឹង តែលោក ថាច នេះមិនព្រមស្ដាប់ឡើយគឺនៅតែបន្តធ្វើ។ដោយលើកហេតុផលថា បើនៅមានផ្លូវគេដើរតាមនឹងខ្លាចបាត់របស់របរទំនិញរបស់ខ្លួន។ដោយឡែកចែ ពួយ ក៍បានប្រាប់ពលរដ្ឋថា បើលោក ថាចព្រមកាត់រនាំងដែកចេញគាត់ក៏ព្រមរុះរើតាមដែរ។
ឆ្លើយតបនឹងបញ្ហានេះ លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានប្រាប់តាមទូរស័ទ្ទថា ចំពោះរឿងនេះលោកបានចាត់ឲ្យលោកមេឃុំកំពង់ពពិល និងក្រុមព្រឹក្សាចាត់ចែងចុះទៅពន្យល់ណែនាំឲ្យអាជីវករទាំង២នាក់នោះរុះរើរនាំងដែកនិងសំណង់រឹងចេញតាមសំណើរបស់ពលរដ្ឋ និងអាជីវករក្នុងផ្សារហើយ។ប៉ុន្តែភាគីអ្នកបិទផ្លូវខាងលើសុំលើកពេលដល់ថ្ងៃទី៣១ខែមករា ឆ្នាំ២០១៨ ថ្ងៃនេះ។ លោកបន្តថាប្រសិនជាដល់ថ្ងៃកំណត់ហើយបែរជាមិនព្រមកាត់នោះយើងនឹងមានវិធានការបន្តទៀត ព្រោះនេះជាផ្លូវសាធារណៈសម្រាប់ធ្វើដំណើរមិនអាចឲ្យបុគ្គលណាម្នាក់មកសាងសង់រំលោភបំពានធ្វើប្រយោជន៍បុគ្គលបានឡើយ។ ចំណែកលោក អ៊ុច សយ មេឃុំកំពង់អំពិល បានប្រាប់តាមទូរស័ព្ទឲ្យដឹងដែរថា លោកបានចុះទៅណែនាំឲ្យគាត់កាត់រំកិលថយដើម្បីបើកផ្លូវឲ្យពលរដ្ធដើរដូចដើមវិញ៕