ខេត្តកំពត ៖ ខណៈការលះលែងនៅមិនទាន់ដាច់ស្រេច ហើយឃើញប្ដីបង្ហោះហ្វេសប៊ុកពីពិធីភ្ជាប់ពាក្យជាមួយស្រីថ្មី ក៏យកថ្នាំបុរាណលាយជាមួយបាយហូបបំណងធ្វើអត្តឃាតជាមួយកូនប្រុស២នាក់ តែស្លាប់តែកូនពីរនាក់ ចំណែកស្ត្រីជាម្តាយមិនស្លាប់។ហេតុការណ៍គួរអោយរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី៥០ ខែមករា នៅផ្ទះសំណាក់សុខមនោរម្យ ក្នុងភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត។
បើយោងតាមការអោយដឹងពីនគរបាលខេត្ត បានប្រាប់អោយដឹងថា ស្ត្រីដែលប៉ងធ្វើអត្តឃាតដោយលាយថ្នាំដាក់ជាមួយបាយអោយកូនស៊ីរួមជាមួយខ្លួនតែពុលស្លាប់កូនពីរនាក់បងប្អូននេះឈ្មោះ ប៉ាក់ សុហេង អាយុ២៧ឆ្នាំនៅភូមិសិង្ហ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ និងកូនប្រុស២នាក់ដែលបានស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់លេខ២១៦នោះម្នាក់ឈ្មោះ ហ៊ាល សុវណ្ណ អាយុ៨ឆ្នាំ និងកូនប្រុសម្នាក់ទៀតឈ្មោះ ហ៊ាល ក្ដាន់ អាយុ៣ឆ្នាំ។
នគរបាលខេត្តបានប្រាប់ថា ស្ត្រីជាម្ដាយមិនស្លាប់ទេត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតាកែវ ហើយសពកូនទាំងពីរនាក់នោះត្រូវបានគេដឹកទៅធ្វើបុណ្យនៅស្រុកទ្រាំង។
នគរបាលនិយាយថា ស្ត្រីដាច់ចិត្តលាយថ្នាំជាមួយបាយបណ្ដាលអោយពុលស្លាប់កូននេះបានជិះម៉ូតូឌុបកូនប្រុស២នាក់មកស្នាក់នៅផ្ទះសំណាក់សុខមនោរម្យ នេះរយៈពេល២ថ្ងៃហើយ ព្រោះគេជាអ្នកលក់ថ្នាំបូរាណ។
តាមកាអះអាងពីនគរបាលនិយាយថា ម្ដាយឪពុកក្មេងប្រុស២នាក់នេះបានលែងលះគ្នាជិត១ឆ្នាំហើយ តែមិនទាន់ដាច់ស្រចទេ លុះពេលឃើញបុរសជាប្ដីភ្ជាប់ពាក្យជាមួយស្រីផ្សេង ហើយបង្ហោះតាមហ្វេសប៊ុក ទើបមានរឿងរ៉ាវគួរអោយអាណោចអាធ័មនេះកើតមាន។
លោក គង់ កុសល អនុប្រធានការិល័យនគរបាលបច្ចេកទេសខេត្ត បានចុះមកពិនិត្យបន្ទប់កើតហេតុនិយាយថា កូនប្រុស២នាក់នេះស្លាប់ដោយម្ដាយរបស់គេលាយថ្នាំពូលជាមួយបាយអោយកូនស៊ី។នាយរងនគរបាលរូបនេះនិយាយថា មានថ្នាំបុរាណជាច្រើនប្រភេទត្រូវបានស្ត្រីរូបនោះជិះម៉ូតូដើរលក់ ហើយយកថ្នាំមួយប្រភេទមកលាយជាមួយបាយអោយកូនស៊ីពុល តែលោកថា ថ្នាំនោះក៍មិនទាន់ដឹងជាថ្នាំអ្វីដែរ ។ស្ត្រីមានចេតនាសម្លាប់កូនមិនទាន់ដឹងថា ខឹងពីរឿងអ្វីអោយច្បាស់លាស់នោះទេ ព្រោះស្ត្រីមានគំនិតគិតខ្លីនេះកំពុងសម្រាកព្យាបាល។
ទោះបីជាបែបណាម្ចាស់ផ្ទះសំណាក់ រួមទាំងសមត្ថកិច្ចហាក់ដូចជាមានការលាក់បាំងព័ត៌មានមិនអោយបែកធ្លាយ ពីករណីនេះ៕