ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោងប្រមាណ១២និង៣០នាទីថ្ងៃទី២៣ខែមីនា មានហេតុការណ៍ គួរឲ្យភ្ញាក់ផ្អើលមួយខណៈដែលរថយន្តលោកអភិបាលរងស្រុកមេមត់បានរងនូវការបាញ់ប្រហារជាច្រើនគ្រាប់ពីមន្ត្រី PM ដែលត្រូវជាប្អូនបង្កើតរបស់លោកប្រធានស្នាក់ការសន្តិសុខ ៧០២ ប្រចាំស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
តាមការបញ្ជាក់ពីប្រភពខាងលើមូលហេតុដែលនាំឲ្យមានការផ្ទុះអាវុធបាញ់ រថយន្តលោកអភិបាលរងស្រុកនោះក៏ព្រោះតែមន្ត្រី PM ដែលជាជនបង្កហេតុនឹកស្មានថា រថយន្តលោកអភិបាលរងស្រុកជារថយន្តដឹកឈើ ហើយមិនបានឈប់ចូលបង់លុយដូចតាមទម្លាប់ដល់ស្នាក់ការសន្តិសុខ៧០២ ប្រចាំទីនោះ ។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ មានមន្ត្រីកងរាជអាវុធហត្ថជិះរថយន្តលុចស៊ីស៣០០ពណ៌សមួយគ្រឿង បានបើកប្រដេញតាមពីក្រោយ និងបាញ់ទៅលើរថយន្តលុចស៊ីស ៤៧០ ពីចំណុចភូមិក្បាលត្រាច រហូតដល់ស្ពានជ្រីវ គ្រាប់កាំភ្លើងបានទម្លុះកញ្ចក់រថយន្តខាងឆ្វេង និងបែកកង់ទៅមុខលែងរួច ហើយបានចូលទៅជ្រកក្រោមផ្ទះប្រជាពលរដ្ឋ ។
ប្រភពរាយការណ៍ថា មន្ត្រីPM ដែលជាអ្នកផ្ទុះអាវុធបាញ់រថយន្តលោកអភិបាលរងស្រុកនោះមានឈ្មោះ និត ដែលត្រូវជាប្អូនលោក មាន ប៊ុនធឿន ប្រធានស្នាក់ការសន្តិសុខ ៧០២ ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ប្រភពនព័ត៌មានបន្តថា រថយន្តលុចស៊ីស៤៧០ របស់លោកអភិបាលរងស្រុកមេមត់បើកបរពីទិសខាងត្បូងចេញពីស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅខេត្តត្បូងឃ្មុំ លុះមកដល់ចំណុចខាងលើក៏ត្រូវមន្ត្រី PM ដែលបើករថយន្តលុចស៊ីស៣០០ដេញពីក្រោយនោះបានបាញ់រះតែម្តង ។ ប៉ុន្តែពេលធ្វើសកម្មភាពរួចហើយ ទើបដឹងថា រថយន្តលុចស៊ីស៤៧០ ជារបស់លោកអភិបាលរងស្រុកក្រុមបាញ់បោះក៏បត់រថយន្តថយក្រោយបើកគេចខ្លួនតែម្តង ។
តាមប្រជាពលរដ្ឋរាយការណ៍ថា ស្នាក់ការសន្តិសុខ៧០២នេះ តែងតែជំរិតទារប្រាក់ពីរថយន្តដឹកឈើគ្រប់ប្រភេទទាំងមានច្បាប់ និងអត់ច្បាប់ ហើយមិនដែលមានរថយន្តដឹកឈើណាគេចផុតនោះឡើយ ។ អំពើពុករលួយត្រូវបានគេមើលឃើញថា ផ្តើមចេញពីប្រធានស្នាក់ការសន្តិសុខ៧០២រួមទាំងកូនចៅក្រោមឱវាទតែម្តង ដែលធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត រហូតមានការចោទប្រកាន់ដល់ថ្នាក់ដឹកនាំថែមទៀត ។
យ៉ាងណាក៏ដោយពត៌មានទាក់ទងនឹងការបាញ់ប្រហារលើរថយន្តលោកអភិបាលរង ស្រុកពីសំណាក់មន្ត្រីPM ដែលត្រូវជាប្អូនលោកប្រធានស្នាក់ការសន្តិសុខ ៧០២ ត្រូវបានគេនាំគ្នាលាក់ជិតឈឹង តែម្តងព្រោះតែខ្លាចដឹងដល់ថ្នាក់លើ ។
មេគង្គប៉ុស្តិ៍ នឹងព្យាយាមទាក់ទងលោកប្រធានស្នាក់ការ និងបញ្ជូនភ្នាក់ងារទៅដល់ចំណុចខាងលើដើម្បីស្វែងរកព័ត៌មានលម្អិតជាក់ស្តែងមកផ្សាយជូនបន្ថែមទៀតទាក់ទងករណីនេះ ។
គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលមន្ត្រីប៉េអឹម ខេត្តត្បូងឃ្មុំ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។រណីប្រហាក់ប្រហែលគ្នានេះ បានកើតមានម្តងរួចមកហើយ កាលពីយប់ថ្ងៃទី១៩ ខែមិនា គ្រាដែលមន្ត្រី PM ស្នាក់ការសន្តិសុខ ៨០៨ ចំនួន៤នាក់ បានផ្ទុះអាវុធបាញ់ឡានដឹកស្រូវ និងចាប់តៃកុងឡាននិង ព្រូឡានចងធ្វើទារុណកម្មនៅចំណុចគីឡូម៉ែត្រលេខ៨៩ តាមបណ្តោយផ្លូវជាតិលេខ១១ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមបទចោទប្រកាន់មិនច្បាស់លាស់ ។ ភ្លាមៗនោះ លោក សៅ សុខា មេបញ្ជាការPMលើផ្ទៃប្រទេស បានបញ្ជាឲ្យស៊ើបអង្កេតជាបន្ទាន់ ហើយបច្ចុប្បន្នមន្ត្រី PM ចំនួន៤នាក់ ដែលជាជនដៃដល់ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកឃុំនៅបន្ទាយ PM ខេត្តព្រៃវែង ដើម្បីសាកសួរពាក់ព័ន្ធករណីខាងលើ ៕