ភ្នំពេញ ៖ ក្នុងដំណើរបេសកកម្មទៅកាន់ទីក្រុងធានជីន ប្រទេសចិន លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ជួបជាមួយឯកឧត្ដម Zhang Guoqing អភិបាលក្រុងធានជីន និងជាអនុប្រធានអគ្គលេខាធិការបក្សក្រុងធានជីន ប្រទេសចិន ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការជំរុញពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀត កាលពីថ្ងៃទី៣០ មករា ឆ្នាំ២០១៨ នេះ ។
លោក Zhang Guoqing ដែលទើបត្រូវបានទទួលការតែងតាំងជាអភិបាលក្រុងធានជីន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ បានមានប្រសាសន៍រំលឹកពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ដែលផ្ដើមពីសម្ដេចព្រះបរមរតនកោដ្ឋ និងលោកប្រធានម៉ៅ លោកនាយករដ្ឋមន្ត្រី ជូ អេនឡាយ និងត្រូវបានបន្ត ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំចិនជាបន្តបន្ទាប់ ។ លោក ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រដល់នយោបាយចិន ទាំងក្នុងតំបន់ និងលើពិភពលោក ។
លោក ប៉ាន សូរស័ក្ដិ បានជំរាបភាគីចិនថា ដោយសារតែរក្សាបាននូវសន្តិសុខ និងស្ថេរភាពនយោបាយល្អ កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ។ កម្ពុជាមានផលិតផលកសិកម្មជាច្រើន ដូចជា ដំឡូងមី ពោត ចេក អង្ករ ស្វាយចន្ទី មៀន និងស្នើឲ្យភាគីចិនទទួលទិញផលិតផលទាំងនោះ ។ លោករដ្ឋមន្ត្រី និងអភិបាលក្រុង ក៏បានយល់ស្របគ្នាថា គួរមានកិច្ចសហប្រតិបត្តិការល្អពីវិស័យសំខាន់ៗមួយចំនួន ដូចជា កិច្ចសហការរវាងកំពង់ផែធានជីន និងកំពង់ផែខេត្តព្រះសីហនុ ។ លោករដ្ឋមន្ត្រី ស្នើឲ្យមានកិច្ចសហការក្នុងវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ដោយឲ្យវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មធ្វើការជាមួយមន្ទីរអប់រំក្រុងធានជីន។
គួរបញ្ជាក់ថា ធានជីន ជាទីក្រុងកំពង់ផែដ៏ធំនៅភាគខាងជើងនៃប្រទេសចិន និងជាច្រកបញ្ចេញទំនិញពីរដ្ឋធានីប៉េកាំងផងដែរ។ បច្ចុប្បន្ន មានក្រុមហ៊ុនកម្ពុជាចំនួន ៤ កំពុងវិនិយោគនៅធានជីន និងមានក្រុមហ៊ុនចិនពីក្រុងធានជីន ចំនួន ១៦ កំពុងវិនិយោគនៅកម្ពុជា ដែលមានទុនវិនិយោគជាង ៨០០ លានដុល្លាអាមេរិក ៕