ភ្នំពេញ ៖ លោក ផ្កាយ៣ សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ បានប្រកាសបន្តចាត់វិធានការតាមផ្លូវច្បាប់ ចំពោះលោកផ្កាយ១ នេត សំអាត ដែលបានប្រើអំពើហិង្សា លើក្មេងស្រីម្នាក់បណ្តាលឲ្យរងរបួសបែកក្បាល បើទោះជាមានការសម្របសម្រួល ផ្តល់សំណងដល់ជនរងគ្រោះហើយក៏ដោយ។
លោក សៀក សុជាតិ បានបញ្ជាក់ប្រាប់ សារព័ត៌មានFresh News កាលពីថ្ងៃទី៣១ ខែមករា នេះថា« ខ្ញុំត្រូវតែប្រឈមនឹងដោះស្រាយបញ្ហានេះ អនុវត្តទៅតាមវិន័យ កងយោធពលខេមរភូមិន្ទ គឺខ្ញុំមិនអនុញ្ញាតឲ្យមន្ដ្រីណាមួយ របស់កងទ័ពកិច្ចការព្រំដែន បង្ក ឬធ្វើឲ្យមានស្នាមរបួស ដល់អ្នកណាម្នាក់ រួចខ្លួនពីសំណាញ់ច្បាប់នោះទេ» ។
ការប្រកាសចាត់ការនេះ ក្រោយពេលសារព័ត៌មានចុះផ្សាយថា លោកនេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ មកពីក្រសួងការពារជាតិ បានចូលទៅផឹកស៊ីក្នុងហាងមួយកន្លែង នៅក្នុងក្រុងប៉ោយប៉ែត ហើយប្រើអំពើហឹង្សា ដោយកចានគប់ លើជញ្ជាំង ខ្ទាចអំបែង ត្រូវចំក្បាលក្មេងស្រីម្នាក់ ជាអ្នកបម្រើការ នៅទីនោះ បណ្ដាលឲ្យបែកក្បាល ហូរឈាមពេញផ្ទៃមុខ និងដេរអស់៤ថ្នេរ។ ករណីនេះ កើតឡើងកាលពីថ្ងៃទី២៧ មករា។
មូលហេតុឈានដល់ការប្រើអំពើហិង្សានេះ កើតចេញពីនារីរងគ្រោះឧស្សាហ៍ងើបចុះឡើង ដើរចេញ-ចូល ពីកន្លែងតុផឹកស៊ី ខណៈដែលជនបង្ក និងមិត្តភក្តិ បានហៅនារីរងគ្រោះមកអង្គុយផឹកកំដរ។ យ៉ាងណាក៏ដោយ ក្រោយកើតហេតុជនបង្ក បានសម្របសម្រួល ដោយផ្តល់ប្រាក់សំណងជម្ងឺចិត្តចំនួន១ពាន់ដុល្លារ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ជុំវិញករណីនេះ ត្រូវបានលោក សៀក សុជាតិ អះអាងថា ថ្នាក់ឧត្តមសេនីយ៍ មិនមែនបំពាក់ឲ្យអ្នកឯង យកអំណាចនេះ ទៅគាបសង្កត់ ប្រជាពលរដ្ឋ ឬប្រើអំពើព្រៃផ្សៃ បង្កឲ្យមានរបួសស្នាមយ៉ាងនេះបានទេ ហើយក៏មិនអាចយកថវិកាប៉ុណ្ណឹង ទៅបន្សាប់ជនរងគ្រោះបានដែរ គឺត្រូវចាត់វិធានការទៅតាមច្បាប់៕ ប្រភព ៖ FN