ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធបើកសន្និបាតបូកសរុបការងារឆ្នាំ ២០១៧ និងលើកទិសដៅភារកិច្ចសម្រាប់ឆ្នាំ ២០១៨ ដោយទទួលបានការអញ្ជើញចូលរួមជាអធិបតីនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៨ ដោយមានការចូលរួម ពីសំណាក់ឯកឧត្តមអភិបាល អភិបាលរង ខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្តមន្ត្រីអនុប្រធានមន្ទីរអង្គភាពស្ថាប័នរដ្ឋក្នុង ខេត្ត និងតំណាងអាជ្ញាធរ ក្រុង ស្រុក ក្នុងខេត្ត ព្រមទាំងសមាជិកសមាជិកាជាច្រើនទៀត។អង្គសន្និបាត បូកសរុបការងារឆ្នាំ ២០១៧ និងលើកទិសដៅភារកិច្ចសម្រាប់ឆ្នាំ ២០១៨ នេះ ប្រព្រឹត្តទៅ គឺមាន រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន អភិបាល មានប្រសាសន៍ក្នុងពិធីបើកសន្និបាតនេះ ដោយលើកឡើងពីការខិតខំប្រឹងប្រែង របស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់គ្រប់ស្ថាប័នអង្គភាពរួម និងប្រជាពលរដ្ឋផង ក្នុងការខិតខំបំពេញភារកិច្ចកសាង និង អភិវឌ្ឍន៍ប្រទេសជាតិក្នុងឆ្នាំ ២០១៧ កន្លងមកដោយ បានអនុវត្តតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានចាត់ទុកកិច្ចប្រជុំនេះថា ជាវេទិកាសំខាន់ក្នុងការពិភាក្សាផ្តល់យោបល់ជុំវិញការអនុវត្តនិង លទ្ធផលការងារ របស់ខេត្តព្រះសីហនុ កន្លងទៅ ដើម្បីកំណត់ទិសដៅថ្មី សម្រាប់ការបំពេញភារកិច្ចក្នុងឆ្នាំ ២០១៨ នេះឲ្យមានប្រសិទ្ធភាព។ ឯកឧត្តមបាន បន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏ត្រូវបានបដិសន្ធិឡើងបម្រើឲ្យវិស័យ នានាក្នុងខេត្តមានដូចជា៖ ការស្ថាបនាផ្លវថ្នល់ ទាំងទីក្រុង ទីជនបទ ដើម្បីពង្រីកសោភ័ណ្ឌភាពទីក្រុង ក្នុងខេត្ត បំរើអោយវិស័យ ទេសចរណ៍ និងកសាងនូវមូលដ្ឋានគ្រឹះលើវិស័យកសិកម្មឧស្សាហកម្ម និងពាណិជ្ជកម្ម ជាដើម។
ជាមួយការលើកឡើង អំពីលទ្ធផលជាវិជ្ជមានឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានលើកហេតុផល អវិជ្ជមានមួយចំនួន ដែលខេត្តធ្វើពុំទាន់បានសម្រេច ដើម្បីឱ្យផ្នែកពាក់ព័ន្ធចូលរួមពិភាក្សារិះរកបទពិសោធន៍ល្អៗ មកធ្វើជាសំអាងសម្រាប់អនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលអោយទទួលបានជោគជ័យផងដែរ ៕